កុងតឺន័រ​ ប៉ះជាមួយរថយន្តដឹងអង្ករ​ សំណាងល្អមិនមានអ្នករបួស

0
29


ភ្នំ​ពេ​ញ ៖ ពិតជា​មហា​សំណាង​ណាស់​ដែល​រថយន្ត​ធុន​ធំ​បុក​គ្នា តែ​គ្មាន​អ្នក​គ្រោះថ្នាក់​ដល់​អាយុជីវិត។

តាម​សេចក្តី​រាយការណ៍​ពី​លោក​វរសេនីយ៍ទោ ឯក សារ៉ន អធិការរង​នគរបាល​ខណ្ឌ​ច្បារអំពៅ​បាន​ឲ្យ​ដឹង​ថា ​កាលពី​វេលា​ម៉ោង​៥​និង​១៥​នាទី​ទៀបភ្លឺ​ ថ្ងៃទី​១​ ខែសីហា​នេះ​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​លើ​កំណាត់​ផ្លូវ​ថៃ​ហ្គឺ​រ៍​មុខ​ទីលាន​កម្សាន្ត​សួន​សុ​បិ​ន្ត ​ស្ថិត​ក្នុង​ភូមិ​ចុង​ព្រែក​ សង្កាត់​ព្រែក​ឯង​ ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ​ រវាង​រថយន្ត​សណ្តោង​កុងតឺន័រ​និង​រថយន្ត​ដឹក​អង្ករ​។

លោក​អធិការរង​បន្ត​ថា ​មុន​ពេល​កើតហេតុ​សាក្សី​បានឃើញ​រថយន្ត​ម៉ាក​ហ៊ី​យ៉ាន់​ដាយ​ពណ៌ស​ សណ្តោង​កុងតឺន័រ​ពាក់​ស្លាក​លេខ​ ភ្នំពេញ​3C-1271 បាន​បើកបរ​តាម​បណ្តោយ​ផ្លូវ​ថៃ​ហ្គឺ​រ៍​ក្នុង​ទិសដៅ​ពី​ស្ពាន​ព្រែក​សំរោង​ឆ្ពោះ​មក​ផ្លូវជាតិ​លេខ​១​។

លុះ​មកដល់​ចំណុច​កើតហេតុ​ ស្រាប់តែ​រថយន្ត​ក្រឡាប់​លើ​កំណាត់​ផ្លូវ​នៅ​ទទឹង​តែម្តង​។ ស្រប​ពេល​នោះ​ក៏​មាន​រថយន្ត​មួយ​គ្រឿង​ដឹក​អង្ករ​ ពណ៌ស ​ពាក់​ស្លាក​លេខ​ចង្កូត​ស្តាំ​PP១២២៥ ដែល​បើក​មកពី​ក្រោយ​បាន​ទៅ​បុក​ទូ​កុងតឺន័រ​ ដែល​ក្រឡាប់​ទទឹង​ផ្លូវ​បង្ក​ឲ្យ​កំពិត​កាប៊ីន​មុខ​។

ភ្លាមៗ​នោះ​ អ្នកបើកបរ​រថយន្ត​ដឹក​អង្ករ​ត្រូវ​បាន​គេ​ជួយ​យកចេញ​គ្រាន់តែ​របួសស្រាល​។ ​លោក​អធិការរង​បញ្ជាក់​ទៀត​ថា ​បន្ទាប់ពី​កើតហេតុ​កម្លាំង​នគរបាល​ចរាចរណ៍​ខណ្ឌ​ច្បារអំពៅ​បាន​ចុះទៅ​ធ្វើ​កំណត់ហេតុ​ហើយ​ភាគី​ទាំង​២​បាន​សម្របសម្រួល​គ្នា​ដោយ​សុំ​បញ្ចប់​នៅ​និង​កន្លែង​។

​ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏​មាន​ការ​កកស្ទះ​ចរាចរណ៍​រហូតដល់​ទៅ​៤​ម៉ោង​ ព្រោះ​រថយន្ត​សណ្តោង​កុងតឺន័រ​ក្រឡាប់​ទទឹង​ផ្លូវ​ទម្រាំ​រថយន្ត​ស្ទូច​មក​ស្ទូច​ចេញ​៕

ប្រភព៖​ កម្ពុជាថ្មី