ឥណ្ឌូនេស៊ី៖ ខណៈដែលនិស្សិតទូទៅបញ្ចប់ជីវិតនៃការសិក្សារបស់ពួកគេត្រឹមមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រតែ ១ ឬ ២ ឬអ្នកខ្លះបន្តកាសិក្សាថ្នាក់អនុបណ្ឌិត ១ ឬ ២ និងថ្នាក់បណ្ឌិត ១ ទៀតនោះ ស្រាប់តែមានបុរសឥណ្ឌូនេស៊ីម្នាក់ត្រូវបានគេរកឃើញថា គាត់ជាមនុស្សម្នាក់ដែលមានសញ្ញាបត្រច្រើនបំផុតពោលគឺដល់ចំនួន ៣២ ផ្សេងគ្នាឯណោះ។

បុរសដែលជាកំពូលអ្នករៀនរូបនេះមានឈ្មោះថា Welin Kusuma បច្ចុប្បន្នមានអាយុ ៣៩ ឆ្នាំ ហើយរូបគាត់ចាប់ផ្តើមចូលរៀនថ្នាក់មហាវិទ្យាល័យនៅក្នុងឆ្នាំ ១៩៩៩ ដោយពេលនោះគាត់មានអាយុត្រឹមតែ ១៨ ឆ្នាំប៉ុណ្ណោះ។ លោក Welin Kusuma គឺជាមនុស្សដែលចូលចិត្តស្រលាញ់ការសិក្សាបំផុត ហើយសញ្ញាបត្រដំបូងដែលគាត់ទទួលបាននោះគឺជាសញ្ញាបត្របរិញ្ញាផ្នែកវិស្វករ។

បន្ទាប់ពីទទួលបានសញ្ញាបត្រទីមួយរួចហើយ លោក Welin Kusuma មិនបានទៅរកការងារធ្វើភ្លាម​នោះទេ តែគាត់បានសម្រេចបន្តការសិក្សាថ្នាក់បរិញ្ញាត អនុបណ្ឌិត និងជំនាញវិជ្ជាជីវជាច្រើនបន្ថែមទៀត។​ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន nextshark បានឲ្យដឹងថា ក្នុងរយៈពេល ២១ ឆ្នាំ ចុងក្រោយនេះលោក  Welin Kusuma លោកបានទទួលជោគជ័យក្នុងការសិក្សាជាច្រើនដូចជា មានសញ្ញាបត្រថ្នាក់បរិញ្ញាចំនួន ១១ ផ្សេងគ្នា ថ្នាក់អនុបណ្ឌិតចំនួន ៣ ផ្សេងគ្នា និងជំនាញវិជ្ជាជីវៈចំនួន ១៨ ផ្សេងគ្នាផងដែរ។

ចំពោះការសិក្សារបស់គាត់វិញត្រូវបានប្រភពខាងលើបន្តថា ពេលខ្លះគាត់រៀនជំនាញមួយនៅពេលព្រឹក ជំនាញមួយទៀតនៅពេលយប់ ជំនាញមួយទៀតចុងសប្តាហ៍ និងជំនាញខ្លះត្រូវរៀនតាមប្រព័ន្ធ Online។ ថ្មីៗនេះលោក Welin Kusuma ទទួលបានកំណត់ត្រាប្លែកគេមួយពីអាជ្ញាធរឥណ្ឌូនេស៊ីដោយរូបគាត់ជាពលរដ្ឋឥណ្ឌូនេស៊ីតែម្នាក់គត់ដែលមានសញ្ញាបត្រច្រើនជាងគេបំផុត៕

ប្រភព៖ខ្មែរណូត