ភ្នំពេញៈ វិស័យសំណង់ និងអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា កំពុងមានវិវឌ្ឍនភាពបណ្តើរៗ ទោះបីជាកំពុងជួបវិបត្តិសេដ្ឋកិច្ចពិភពលោក​ក្តី ហើយខេត្តសំខាន់ៗចំនួន៣កំពុងទាក់ទាញ និងរីកមុខមាត់លើវិស័យសំ​ណ​ង់និងអចលនទ្រព្យ។

១.ខេត្តស្វាយរៀង

ថ្វីត្បិតតែខេត្តស្វាយរៀង គឺជាខេត្តមានសក្តានុពលពាណិជ្ជកម្មក្តី ប៉ុន្តែក្រឡេកទៅមើលវិស័យសំណង់និងអចលនទ្រព្យវិញ ឃើញថាខេត្តមានសញ្ញាវិជ្ជមានច្រើន និងមានសកម្មភាពអភិវឌ្ឍលើបណ្តាគម្រោងសាងសង់ដដែល។

តាមប្រសាសន៍របស់អភិបាលខេត្តស្វាយរៀងឱ្យដឹងថា បច្ចុប្បន្នខេត្តស្វាយរៀង មានភាពរីកចម្រើនគួរឱ្យកត់សម្កាល់ និងមានភាពទាក់ទាញមិនចាញ់ខេត្តដទៃទៀតទេ។

សំណង់លំនៅដ្ឋាន អគារខ្ពស់ៗ សម្រាប់បម្រើដល់វិស័យទេសចរណ៍ និងពាណិជ្ជកម្ម មិនមានការផ្អាកសកម្មភាពសាងសង់អ្វីទេ។

២.ខេត្តកោះកុង

បើប្រៀបធៀបនឹងខេត្តជាប់មាត់សមុទ្រដទៃដូចជា ព្រះសីហនុ កែប និងកំពត ខេត្តកោះកុង ហាក់បីដូចជាស្ថិតនៅជួរខាងក្រោយគេ លើការវិនិយោគក្នុងវិស័យអចលនទ្រ   ព្យ។ ប៉ុន្តែបច្ចុប្បន្នខេត្តមួយនេះ កំពុងផុសផុលលើសកម្មភាពវិនិយោគពីបណ្តាវិនិយោគិននានា។

អ្នកជំនាញអចលនទ្រព្យធ្លាប់បានមានប្រសាសន៍ថា ខេត្តកោះកុងមានសក្តានុពលខ្ពស់ចំពោះសេដ្ឋកិច្ច ដូច្នេះទើបការវិនិយោគលើវិស័យអចលនទ្រព្យ មានជាបន្តបន្ទាប់ ពិសេសគម្រោងធំៗដូចជា ព្រលានយន្តហោះអន្តរជាតិ។

លើសពីនេះ គម្រោងស្ថាបនាកំពង់ផែទឹកជ្រៅ ការពង្រីកផ្លូវជាតិធំៗ កំពុងមានការអភិវឌ្ឍជាបណ្តើរៗ ដែលនាំឱ្យខេត្តនេះរីកមុខមាត់ខ្លាំងលើវិស័យអចលនទ្រព្យ។

៣ ខេត្តកំពង់ស្ពឺ

ខេត្តមួយនេះ​ មានសក្តានុពលលើគម្រោងរោងចក្រ និងសហគ្រាសខុសពីគេ ដោយហេតុថា កត្តាភូមិសាស្រ្តស្ថិតនៅជិតទីក្រុងភ្នំពេញ និងអំណោយផលទៅលើការដឹកជញ្ជូន អាស្រ័យដោយការរិកចម្រើនលើវិស័យហេដ្ឋារចនាសម្ព័ន្ធទូរទាំងខេត្ត។ ដូច្នេះទើបបានជាបណ្តាវិនិយោគិនទាំងក្នុងស្រុក និងក្រៅស្រុក ម្ចាស់គម្រោងបុរីលំនោដ្ឋានឬដីឡូតិ៍នានា នាំគ្នាសម្រុកមកវិនិយោគលើវិស័យសំណង់ជាហូរហែ។

អភិបាលខេត្តកំពង់ស្ពឺ លោកវ៉ី សំណាងបានមានប្រសាសន៍ឱ្យដឹងកាលពីពេលថ្មី​ៗនេះថា ខេត្តកំពង់ស្ពឺបានទាក់ទាញលើគម្រោងវិនិយោគ ក្នុងវិស័យសំណង់ប្រមាណជាង២០០លានដុល្លារ ដែលគំរោងទាំងនោះសុទ្ធសឹង ជាគម្រោងវិនិយោគលើវិស័យឧស្សាហកម្ម៕

ប្រភព៖ Property Area