ខ្លាំង! រដ្ឋមន្ត្រីសុខាភិបាលថៃ​ ប្រាប់ថា​ ៩ខែទៀតនឹងមានវ៉ាក់សាំងកូវីដហេីយ

0
16

បរទេស៖ ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក Anutin Charnvirakul បានបង្ហាញពីវឌ្ឍភាពនៃការស្រាវជ្រាវ​ និងការផលិតវ៉ាក់សាំងកូវីដ-១៩ បន្ទាប់ពីបានសាកល្បងពិសោធន៌ជាមួយសត្វស្វាទទួលបានលទ្ធផលវិជ្ជមានជាទីគាប់ចិត្ត ដោយលោកបានបញ្ជាក់ថា ប្រទេសថៃអាចចាប់ផ្តើមបញ្ចេញវ៉ាក់សាំងកូវីដ-១៩ ឲ្យប្រើប្រាស់នៅដើមឆ្នាំ២០២១ ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand ។

លោកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍​ ទី២៥ ខែមិថុនាថា បច្ចុប្បន្ននេះក្រសួងកំពុងធ្វើការជាមួយ Bionet-Asia ក្រុមហ៊ុនឯកជនថៃ- បារាំង ដែលមានឯកទេសក្នុងការផលិត និងផ្គត់ផ្គង់វ៉ាក់សាំង ដើម្បីបង្កើតវ៉ាក់សាំងប្រភេទ DNA សម្រាប់កូវីដ-១៩។

រដ្ឋមន្រ្ដីក្រសួងក្រសួងសុខាភិបាលរូបនេះ បានបន្ថែមទៀតថា យើងកំពុងរៀបចំគំរូសម្រាប់ការត្រួតពិនិត្យដោយនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រ ហើយក្រោយមកទៀតនឹងដាក់ពាក្យស្នើសុំការសាកល្បងទៅលើមនុស្សជាមួយរដ្ឋបាលចំណីអាហារ និងឪសថ។ ប្រសិនបើរដ្ឋបាលចំណីអាហារ និងឪសថអាមេរិក បានផ្តល់ភ្លើងខៀវខែកក្កដា ដល់ខែកញ្ញា វ៉ាក់សាំងគួរតែត្រៀមសំរាប់ការប្រើប្រាស់ជាសាធារណៈក្នុងរយៈពេល៩ខែ ឬដើមឆ្នាំ២០២១។

លោកបានសង្កត់ធ្ងន់ថា “ប្រទេសថៃ អាចស្ថិតក្នុងចំណោមប្រទេសដំបូងគេដែលផលិតបាននូវវ៉ាក់សាំងកូវីដ-១៩​ យើងគ្រោង នឹងចែករំលែករូបមន្តនេះជាមួយពិភពលោកទោះបីប្រជាជនថៃ មានអាទិភាពខ្ពស់ក្នុងការទទួលថ្នាំបង្ការក៏ដោយ” ។

ក្រុមហ៊ុន Bionet-Asia នឹងស្នើសុំការអនុញ្ញាតពី FDA ដើម្បីចាប់ផ្តើមការសាកល្បងរបស់វ៉ាក់សាំងគំរូរបស់មនុស្សក្នុងពេលដំណាលគ្នាដែលគួរតែជួយឱ្យដំណើរការលឿន។ជាធម្មតាការសាកល្បងវ៉ាក់សាំងត្រូវតែមានការយល់ព្រម និងបញ្ចប់ជាជំហានៗពីសត្វកណ្តុរ ទៅសត្វស្វា និងបន្ទាប់មកមនុស្ស។ ប៉ុន្តែក្នុងករណីកូវីដ-១៩ មានការរាលដាលខ្ពស់ ដែលជាភាពអាសន្ន FDA នឹងអនុញ្ញាតិអោយមានការសាកល្បងលើសត្វស្វា និងមនុស្សដើម្បីចាប់ផ្តើមដំណាលគ្នា។

ក្រសួងសុខាភិបាលបានរំពឹងថា រយៈពេ៩ខែទៅមុខទៀត នឹងអាចផលិតវ៉ាក់សាំងកូវីដ-១៩ បានជោគជ័យដើម្បីចាក់ជូនប្រជាជនថៃទាំងអស់គ្នា ៕

ប្រភព៖​ KBN News