កំពង់ស្ពឺៈខេត្តកំពង់ស្ពឺកំពុងទាក់ទាញគម្រោងវិនិយោគជាច្រើន ដែលនៅក្នុងនោះមានគម្រោងធំៗចំនួន៥ ជាមួយទុនវិនិយោគរាប់រយលានដុល្លារ ស្ថិតលើផ្ទៃដីសរុបជាង៣៣៥០០ហិកតា ដែលនឹងជួយលើកកម្ពស់កំណើនសេដ្ឋកិច្ចនៅក្នុងខេត្ត ក៏ដូចជាជួយទ្រទ្រង់សេដ្ឋកិច្ចជាតិកម្ពុជាផងដែរ។

ជាមួយនឹងវត្តមានក្រុមហ៊ុនអន្តរជាតិធំៗ ដែលកំពុងបោះជំហ៊ានចូលមកវិនិយោគ និងអភិវឌ្ឍន៍នៅក្នុងខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង អភិបាលខេត្តបានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០កន្លងមកថា បច្ចុប្បន្នមានក្រុមហ៊ុនចម្រុះ កំពុងដំណើរការក្នុងខេត្តមានចំនួន១៨៨ក្រុមហ៊ុន ដែលបម្រើដល់វិស័យឧស្សា​ហកម្មកសិកម្មហើយមួយផ្នែកទៀតបម្រើនៅក្នុងវិស័យសំណង់និងអចលនទ្រព្យ។

គម្រោងវិនិយោគ និងអភិវឌ្ឍន៍ជិត២០០គម្រោង មានក្រុមហ៊ុនវិនិយោគធំៗ ដែលលេចធ្លោប្រចាំខេត្តចំនួន៥ ក្នុងនោះ មានក្រុមហ៊ុន Great Field (Cambodia) International Limited អភិវឌ្ឍន៍នៅលើផ្ទដីទំហំ ៩០០០ហិកតា , ក្រុមហ៊ុន Yellow Field (Cambodia) International Limited ចំនួន៨៥០០ហិកតា ក្រុមហ៊ុន HLH Agriculture (Cambodia) Co Ltd ចំនួន ៩៩០០ហិកតា ក្រុមហ៊ុន កំពង់ស្ពឺ ស៊ូហ្គើរ មានផ្ទៃដីចំនួន ៤៧០០ ហិកតា និងក្រុមហ៊ុន ៩៩ អភិវឌ្ឍន៍ កសិកម្ម ខូ អិលធីឌី មានផ្ទៃដី ចំនួន១៤០០ហិកតា។

លោកវ៉ី សំណាងបានបន្តថា “រដ្ឋបាលខេត្តកំពុងទាក់ទាញក្រុមហ៊ុនវិនិយោគ ទាំងក្នុងស្រុក និងក្រៅប្រទេសមកវិនិយោគ នៅក្នុងខេត្តកំពង់ស្ពឺបន្ថែមទៀត ដើម្បីបង្កើតកា​រ​ងារធ្វើ និងរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ”។ លោកបន្តថា “យើងបានខិតខំផ្សព្វផ្សាយពីសក្កានុពលរបស់ខេត្តកំពង់ស្ពឺ ទាំងសុខសន្តិភាព និងមានផ្លូវជាតិច្រើន ជាពិសេសផ្លូវល្បឿនលឿនដើម្បីទាក់ទាញក្រុមហ៊ុនវិនិយោគថ្មីៗបន្ថែម”។

តំបន់សំខាន់ៗ ដែលមានសក្ដានុពលសម្រាប់វិស័យឧស្សាហកម្ម ដែលស្ថិតនៅតាមផ្លូវជាតិលេខ៤ នៅស្រុកគងពិសី និងនៅបរសេដ្ឋ ហើយក្រៅពីនេះ ក៏មាននៅតាមបណ្តោយផ្លូវជាតិលេខ៤៤ផងដែរ”។

អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានបញ្ជាក់ថា “ក្រុមហ៊ុនទាំង៥ខាងលើនេះ បម្រើនៅក្នុងវិស័យផ្សេងៗពីគ្នា រួមមានដូចជា វិស័យអចលនទ្រព្យ វិស័យឧស្សាហកម្ម វិស័យកសិ–ឧស្សាហកម្ម និងវិស័យទេសចរណ៍។ ក្នុងនាមជាអាជ្ញាធរ នៅតែព្យាយាមបង្ហាញពីក្ដីសាទរ និងកិច្ចស្វាគមន៍ចំពោះវត្តមានវិនិយោគិនជាតិ និងអន្តរជាតិថ្មីៗបន្ថែមទៀត ដើម្បីវាជាការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិទាំងមូល”៕

ប្រភព៖ Property Area