កូរ៉េខាងជើង៖ ទីភ្នាក់ងារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) បានរាយការណ៍នៅព្រឹកថ្ងៃអាទិត្យ ម៉ោងនៅក្នុងស្រុកថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានកោះប្រជុំជាបន្ទាន់មួយ បន្ទាប់ពីមានការសង្ស័យករណីដំបូងនៃការឆ្លងជំងឺកូវីដ-១៩របស់ប្រទេស។ KCNA បានរាយការណ៍ថា អ្នកឆ្លងវីរុសនេះបានចូលប្រទេសកូរ៉េខាងជើងដោយខុសច្បាប់ នៅតាមទីក្រុង Kaesong កាលពីថ្ងៃទី១៩ ខែកក្កដា បន្ទាប់ពីរត់ទៅកូរ៉េខាងត្បូងកាលពី៣ឆ្នាំមុន។

KCNA បានបន្ថែមទៀតថា អ្នកជំងឺទទួលបានការពិនិត្យសុខភាព ហើយត្រូវបានគេដាក់នៅដាច់ដោយឡែកពីគេ រួមជាមួយមនុស្សមួយចំនួនដែលធ្លាប់មានទំនាក់ទំនងជាមួយអ្នកជំងឺ កាលពីពេលថ្មីៗនេះ។

លោក គីម ជុងអ៊ុន បានដាក់ចេញនូវវិធានការគម្លាតសុវត្ថិភាពសង្គម សម្រាប់តំបន់នៅជុំវិញទីក្រុង Kaesong និងបានប្រកាសភាពអាសន្ននៅក្នុងតំបន់ពាក់ព័ន្ធ នេះបើតាមការរាយការណ៍របស់ KCNA។ គណៈកម្មការយោធាកណ្ដាលរបស់ប្រទេសនឹងស៊ើបអង្កេតអង្គភាព ដែលទទួលខុសត្រូវចំពោះការចូលដោយខុសច្បាប់របស់អ្នកជំងឺ និងគ្រប់គ្រងការដាក់ទណ្ឌកម្មធ្ងន់ធ្ងរ នេះបើតាម KCNA ដដែល៕

ប្រភព៖ខ្មែរឡូត