រតនគិរី​ ៖ បុរស​ម្នាក់ ​ត្រូវ​បាន​គេ​ប្រទះឃើញ​ដេកស្លាប់​​ក្នុង​ចម្ការ​ចេក​របស់​ក្រុមហ៊ុន​មួយ​កន្លែង​​កាលពី​វេលា​ម៉ោង​៣​និង​១០​នាទី​ ​ថ្ងៃទី​២៤ ខែ​កក្កដា ឆ្នាំ​២០២០ ត្រង់​ចំណុច​ការដ្ឋាន​ទី​២ ​ក្រុមហ៊ុន​ហ័ង​អាន់​យ៉ា​ឡាយ​ដាំចេក​(​វៀតណាម​)​ ស្ថិត​នៅ​ភូមិ​ស្រែក​ពក​ធំ ឃុំ​សេរី​មង្គល ស្រុក​កូន​មុំ ខេត្ត​រតនគិរី​។​

​លោក​វរសេនីយ៍ឯក ភោគ បូរិទ្ធ អធិការ​នគរបាល​ស្រុក​កូន​មុំ បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​នៅ​ព្រឹក​ថ្ងៃទី​២៥​កក្កដា​នេះ ថា ក្រោយពី​ទទួល​បាន​ព័ត៌មាន​ភ្លាម កម្លាំង​អធិការ​ស្រុក​កូន​មុំ កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​សិរី​មង្គល​ សហការ​ជាមួយ​កម្លាំង​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ចុះ​មកដល់​កន្លែង​កើតហេតុ ត្រួតពិនិត្យ​សាកសព​ ជា​លទ្ធផល​ឃើញ​ថា​ គឺជា​ករណី​ឃាតកម្ម (​វាយ​ដំបង​ និង​ចាក់​កាំបិត​)​មាន​ស្លាកស្នាម​អារ.ក​ និង​វះ​មុខជា​ច្រើន​កាំបិត​ផង​ដែរ​។​

​លោក​វរសេនីយ៍ឯក ភោគ បូរិទ្ធ បាន​បន្ត​ទៀត​ថា បើ​តាម​ការស្រាវជ្រាវ​សាកសួរ​បំភ្លឺ​ជុំវិញ​រឿងហេតុ​បាន​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង​ប្រហែល​៨​យប់​ ​ថ្ងៃ​ទី​២៣ ខែ​កក្កដា ឆ្នាំ​២០២០ ជនរងគ្រោះ​ឈ្មោះ គឹម សារឿន (​ហៅ​តុង​)​ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ស្រុកកំណើត​នៅ​ភូមិ​ទ្រ​ន់ ឃុំ​បឹង​ណាយ ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម​ បាន​ផឹកស៊ី​ជាមួយ​ជនសង្ស័យ​ឈ្មោះ បាក់ ណាន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ស្រុកកំណើត ភូមិ​បឹង​កំពត ឃុំ​បន្ទាយ​ចក្រី ស្រុក​ព្រះស្ដេច ខេត្ត​ព្រៃវែង។ ក្រោយពី​ផឹកស៊ី​រួច​ នៅ​ប្រហែល​ម៉ោង​១០​យប់ ថ្ងៃកើតហេតុ​ បាន​បបួលគ្នា​ថា​ទៅ​រក​ឆ្លុះ​កង្កែប ហើយក៏​បាន​បាត់​តាំងពី​ពេលនោះមក។ ​រហូតដល់​ម៉ោង​១៥​និង​០០​នាទី​ ថ្ងៃទី​២៤ ខែ​កក្កដា ឆ្នាំ​២០២០ បាន​ប្រទះឃើញ​សាកសព​ជនរងគ្រោះ​តែម្តង​។​

​លោក​ថា ការ​សម្លាប់​ជនរងគ្រោះ​នោះ​ សង្ស័យ​មានការ​ប្រចណ្ឌ​ ទើប​ឈានដល់​ការ​សម្លាប់​តែម្ដង។ ប៉ុន្តែ​ជនសង្ស័យ​បាន​ធ្វើការ​ជា​កម្មករ​នៅ​ចម្ការ​ចេក​៦​ខែ​មក​ហើយ ក្រោយពី​ធ្វើ​សកម្មភាព​រួច​ បាន​រត់​គេច​ខ្លួន​បាត់​។​

​ក្រោយពី​កម្លាំង​សមត្ថកិច្ច​ជំនាញ​បាន​ធ្វើ​កោសល្យវិច័យ​រួច​ ក៏ប្រគល់​សព​ទៅ​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

​ជុំវិញ​នៅ​កន្លែង​កើតហេតុ​ឃើញ​ភស្តុតាង​បន្សល់​ទុក​រួមមាន ៖ ស្បែកជើង​ពីរ​គូ កាំបិត​ស​តូច​ចុង​ស្រួច​ចំនួន​១ និង​ដំបង​ឈើ​២​កំណាត់​ មាន​ប្រឡាក់​ឈាម​ជាប់​តិចៗ​។​

​បច្ចុប្បន្ន​ កម្លាំង​ជំនាញ កំពុង​ធ្វើការ​ស្រាវជ្រាវ​ និង​តាម​ចាប់ខ្លួន​ជនសង្ស័យ​ ដើម្បី​យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់​៕

ប្រភព៖​ កម្ពុជាថ្មី