យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia សម្រាប់ថ្ងៃសុក្រ ទី៣១​ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា វៀតណាមបានរកឃើញករណីក្នុងសហគមន៍នៃជំងឺ COVID-19 ចំនួន ៤៥ បន្ថែមទៀត ដែលសុទ្ធតែទាក់ទងនឹងការផ្ទុះឡើងថ្មីៗនៅក្រុងដាណាង ហើយវាជាការកើនឡើងប្រចាំថ្ងៃខ្ពស់បំផុតចាប់តាំងពីចុងខែមករា។

ក្រុមអ្នកជំងឺដែលត្រូវបានបញ្ជាក់ថ្មីនេះមានអាយុចន្លោះពី ២៧ ទៅ ៨៧ឆ្នាំ ហើយមានជាប់ទាក់ទងនឹងមន្ទីរពេទ្យ និងសណ្ឋាគារនៅក្រុងដាណាង។ ក្រសួងសុខាភិបាលនិយាយថា ឥឡូវនេះមានពលរដ្ឋចំនួន ៩៣នាក់ហើយ ដែលបានឆ្លងជំងឺ COVID-19 នៅក្នុងសហគមន៍ ចាប់តាំងពីថ្ងៃសៅរ៍សប្ដាហ៍មុន។

សរុបមកទល់ពេលនេះវៀតណាមមានករណីជំងឺ COVID-19 សរុបចំនួន ៥០៩ មកហើយ ប៉ុន្តែគ្មានការស្លាប់នោះទេ។ វៀតណាមបានស្ងប់ស្ងាត់ជាមួយករណីក្នុងសហគមន៍រយៈពេល ១០០ថ្ងៃមកហើយ ទើបតែកាលពីថ្ងៃសៅរ៍អាទិត្យមុននេះ មានករណីផ្ទុះជាប់ៗគ្នានៅក្រុងដាណាងជាហូរហែ ហើយវាបានបង្កើនការព្រួយបារម្ភថ្មីៗបន្ថែមសម្រាប់ទីក្រុងទេសចរណ៍ល្បីល្បាញមួយនេះ។ កន្លែងកម្សាន្ត និងកន្លែងងាយមានហានិភ័យពេលនេះត្រូវបានបិទទ្វារឡើងវិញ ហើយពលរដ្ឋដែលត្រឡប់មកពីក្រុងដាណាង តាមរយៈជើងហោះហើរនានាក៏នឹងត្រូវធ្វើចត្តាឡីស័ក ហើយត្រូវតេស្ដរកជំងឺ COVID-19 ទាំងអស់គ្នាផងដែរ៕

ប្រភព៖ខ្មែរណូត