ញឹកណាស់ផ្លូវ​ ៦០ម៉ែត្រ! ! KIA ប៉ះជាមួយរថយន្តដឹកដីម្តង

0
26

ភ្នំពេញ ៖ នៅ​ក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញ​ គេ​សង្កេត​ឃើញតែ​កំណាត់​ផ្លូវ​៦០​ម៉ែត្រ​មួយ​ប៉ុណ្ណោះ​ដែល​មាន​ទំហំ​ធំ​ និង​រលោង​ស្រិល ​ប៉ុន្តែ​ក៏បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ញឹកញាប់​ផង​ដែរ​។​

ជាក់ស្តែង​កាលពី​វេលា​ម៉ោង​៩​យប់​ ថ្ងៃទី​២៤​ ខែ​កក្កដា​នេះ ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើត​ឡើង​ តាម​បណ្តោយ​ផ្លូវ​៦០​ម៉ែត្រ ​ក្នុង​មូលដ្ឋាន​ខណ្ឌ​មានជ័យ ​រាជធានី​ភ្នំពេញ​ បង្ក​ដោយ​រថយន្ត​ធំ​ដឹក​ខ្សាច់​ ជាមួយនឹង​រថយន្ត​ម៉ាក​KIA​។​

តាម​ប្រភព​ពី​សាក្សី​បាន​ប្រាប់​ប៉ូលិស​ថា​ នៅ​ម៉ោង​កើតហេតុ ​គេ​បានឃើញ​រថយន្ត​មួយ​គ្រឿង​ដឹក​ខ្សាច់​ពេញ ​ពណ៌ស ​ចង្កូត​ស្តាំ​ ពាក់​ស្លាក​លេខ​PP ០៥ ៣៦ បាន​បើកបរ​តាម​បណ្ដោយ​ផ្លូវ​៦០​ម៉ែត្រ​ក្នុង​ល្បឿន​លឿន ​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​។ ​លុះ​មកដល់​ចំណុចកើតហេតុ​ បាន​បើក​ជែង​ចូល​ទៅ​ម្ខាង​ផ្លូវ ​រួច​ជ្រុល​បុក​រថយន្ត​ម៉ាក​kIA​ ពណ៌ស ​ពាក់​ស្លាក​លេខ​ភ្នំពេញ​២AX ៦៨ ៧៣ បញ្ច្រាស​ទិស​គ្នា​ពេញ​ទំហឹង ​បណ្តាល​ឲ្យ​រថយន្ត​ដឹក​ខ្សាច់​ក្រឡាប់​ផ្ងារជើង​។​ ចំណែក​រថយន្ត​ម៉ាក​kIA​រង​ការខូចខាត​មួយ​កំណាត់​មុខ​ស្ទើរ​ទាំងស្រុង​។​

សាក្សី​អះអាង​ប្រាប់​ប៉ូលិស​ថា ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ ​គឺ​ផ្តើម​ឡើង​ដោយ​រថយន្ត​ដឹក​ខ្សាច់​បើកបរ​យ៉ាង​ព្រហើន ​ប្រជែង​គេឯង ​ខ្វះ​ការ​ប្រុងប្រយ័ត្ន​។​

ប៉ូលិស​បាន​ប្រាប់​កម្ពុ​ជាថ្មី​ថា ករណី​គ្រោះថ្នាក់​នេះ ​មិន​បង្ក​ឲ្យ​ភាគី​ទាំង​សង្ខាង​គ្រោះថ្នាក់​ឡើយ​ ដោយ​គ្រាន់តែ​ខូចខាត​រថយន្ត​ប៉ុណ្ណោះ​៕

ប្រភព៖​ កម្ពុជាថ្មី