កំពង់ស្ពឺ៖ អនុវត្តតាមច្បាប់ស្ដីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ រដ្ឋបាលខេត្តកំពង់ស្ពឺ បានធ្វើការដកហូតដីជាង៤០០០ហិកតាពីវិស័យឯកជន ដែលកាន់កាប់ខុសច្បាប់មកជាសម្បត្តិរដ្ឋ និងអភិរក្សជាតំបន់ការពារធនធានធម្មជាតិវិញ។

អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទនៅពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០នេះថា មកទល់បច្ចុប្បន្ន រដ្ឋបាលខេត្តកំពង់ស្ពឺ បាន និងកំពុងដកហូតដីដែលកាន់កាប់ខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិចំនួន ៣ កន្លែង ដែលមានទំហំសរុបរហូតដល់ជាង ៤០០០ ហិកតា មកជាសម្បត្តិរដ្ឋ និងរក្សាទុកជាតំបន់ការពារវិញ។

លោក វ៉ី សំណាង បានបញ្ជាក់ថា “ការដកហូតដីពីវិស័យឯកជនត្រូវបានធ្វើឡើងក្នុងរូបភាពផ្សេងៗពីគ្នា ដូចជាការដកហូតពីក្រុមហ៊ុនដែលទទួលបានសម្បទានពីរដ្ឋាភិបាល ប៉ុន្តែមិនមានសកម្មភាព និងមិនអាចមានលទ្ធភាពក្នុងការគ្រប់គ្រង។ ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏មានការដកហូតពីជនខិតខូចមួយចំនួនដែលបំពានច្បាប់ កាប់ឆ្ការព្រៃរានយកដីធ្វើជាកម្មសិទ្ធិនៅក្នុងតំបន់ការពារ និងអភិរក្សផងដែរ”។

លោកបានបញ្ជាក់ថា “កាលពីប៉ុន្មានឆ្នាំមុន សកម្មភាពបំពានដីរដ្ឋនេះមិនសូវមានច្រើននោះទេ ទើបតែក្នុងរយៈពេលប្រមាណជាង២ឆ្នាំចុងក្រោយ ស្របពេលដែលវិស័យដីធ្លីមានតម្រូវការប្រើប្រាស់ខ្ពស់ក្រោមគម្រោងវិនិយោគ ជាពិសេសគម្រោងអភិវឌ្ឍន៍ជាតំបន់កម្សាន្តរបស់ក្រុមហ៊ុនបរទេស សកម្មភាពបំពានកើតមានច្រើនរហូតដល់រាប់ពាន់ហិកតា”។

ផ្ទៃដីដែលបានដកហូតទាំងនោះរួមមាន តំបន់ការពារធម្មជាតិចំបក់ ១ ៦៤១ ហិកតា តំបន់ការពារធម្មជាតិទាំង ៨ សហគមន៍ក្នុងស្រុកឱរ៉ាល់ ២ ៧៣២ ហិកតា និងតំបន់ឧទ្យានជាតិជួរភ្នំក្រវាញ ៤៤ ហិកតា។

ទាក់ទិននឹងបញ្ហាខាងលើនេះដែរ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០នេះ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងសាជាថ្មី ដើម្បីអនុវត្ត “សេចក្តីព្រាងច្បាប់ស្ដីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បតិ្តរដ្ឋ” ក្នុងគោលបំណងពង្រឹងការគ្រប់គ្រងរាល់ទ្រព្យសម្បតិ្តរដ្ឋ មានជាអាទិ៍ ដីធ្លី ភ្នំ សមុទ្រ និងសំណង់ផ្សេងៗទៀតផងដែរ៕

ប្រភព៖ Property Area