ភ្នំពេញៈ រដ្ឋបាល​រាជធានី​ភ្នំពេញ បាននិងកំពុង​សិក្សា​ពី​លទ្ធភាព​សាងសង់​ស្ពាន​អាកាស​ថ្មី​មួយទៀត នៅត្រង់ចំណុច​ផ្លូវ​ច្រមុះជ្រូក​ក្បាលថ្នល់ ត​ភ្ជាប់​ផ្លូវ​ប្រសព្វ​នឹង​មហាវិថី​សម្ដេច​តេ​ជោ​ហ៊ុនសែន​ឬ (ផ្លូវ៦០ម៉ែត្រ) ខណៈដែល​តំបន់​នេះ​មានការ​កកស្ទះ​ចរាចរ​រាល់ថ្ងៃ។

លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​នៅក្នុង​កិច្ចប្រជុំ​កន្លងមកថ្មីៗនេះ ឱ្យដឹងថា ដើម្បី​ដោះស្រាយ​នូវ​ការកកស្ទះ​នៅ​តំបន់​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​យកចិត្តទុកដាក់​ខ្លាំងណាស់ ដោយ​គ្រោង​កសាង​ស្ពាន​អាកាស​ក្បាលថ្នល់ ហើយ​ចំពោះមុខ​ច្រមុះជ្រូក​ក្បាលថ្នល់​នេះ ជាគោលការណ៍​នឹង​យក​កា​រ៉ា​ស​សាំង​សូគីម៉ិច​មួយ នៅ​ចំណុច​នេះ​ចេញ ដើម្បី​កែលំអរ​នូវ​ប្រព័ន្ធ​ចរាចរណ៍​នៅ​តំបន់​នេះ​ឲ្យ​ប្រសើរឡើង។

លោក​ថ្លែងបន្តថា  “ការដោះស្រាយ​ចរាចរ​នៅ​ចំណុច​ច្រមុះជ្រូក​ក្បាលថ្នល់ ប្រសព្វ​នឹង​មហា​វិធី​សម្ដេច​តេ​ជោ​ហ៊ុនសែន(ផ្លូវ៦០ម៉ែត្រ)នឹង​អាច​ដោះស្រាយបាន​នូវ​ចរាចរ៥0%បន្ថែមទៀត ក្រោយពី​រដ្ឋបាល​ល​រាជធានី​ភ្នំពេញ ដកយក​កា​រ៉ា​ស​សាំង​សូគីម៉ិច​នៅ​ចំណុច​ច្រមុះជ្រូក​ក្បាលថ្នល់​នេះ​ចេញ” ។

លោក​សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បានបញ្ជាក់​ផងដែរ​ថា ក្រោយពី​យក​កា​រ៉ា​ស​សាំង​សូគីម៉ិច​មួយ​នេះ​ចេញ ការដោះស្រាយ​បញ្ហា​ចរាចរ​នៅ​តំបន់​ច្រមុះជ្រូក​ក្បាលថ្នល់​នេះ យើង​អាច​សម្រួលការ​ដោះស្រាយ​បញ្ហា​ចរាចរ​បាន​ប្រមាណ​ជា៥០ភាគរយ​បន្ថែមទៀត ជាមួយនឹង​ការពង្រីក​មហា​វិធី​ព្រះមុនីវង្ស​ឲ្យ​បាន​បី​កន្លែង​ផងដែរ។

លោក​បន្តថា “ទោះបី​យ៉ាងណាក្តី ចំពោះ​វិធានការ​ចំពោះមុខ គឺ​ការកែសម្រួល​ប្រព័ន្ធ​ភ្លើងស្តុប​នៅ​តំបន់​នេះ​មួយ​ជំហាន​សិន ដោយហេតុថា​ក្នុង​មួយថ្ងៃ​មាន​យានយន្ត​ធ្វើចរាចរ​ឆ្លងកាត់​ប្រមាណ​ជាជាង​មួយ​ម៉ឺន​គ្រឿង” ។

ក្រៅពីនេះ បើតាម លោក ឃួ​ង ស្រេង រដ្ឋបាល​រាជធានី​ភ្នំពេញ គ្រោង​សាងសង់​ស្ពាន​អាកាស​ថ្មើរជើង​ថ្មី​ចំនួន២៧បន្ថែមទៀត នៅក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញ ដើម្បី​ជួយ​រំដោះ​ការកកស្ទះ និង​កាត់បន្ថយ​នូវ​គ្រោះថ្នាក់​ចរាចរណ៍​ជូន​ប្រជាពលរដ្ឋ។

លោក​បន្តថា  “ការសាងសង់​ស្ពាន​អាកាស​ថ្មើរជើង មិន​ត្រឹមតែ​បំរើឱ្យ​ប្រជាពលរដ្ឋ​រស់នៅក្នុង​តំបន់​តែប៉ុណ្ណោះ​ទេ តែ​វា​សម្រាប់​បំរើ​ដល់​ប្រជាពលរដ្ឋ នៅក្នុង​រាជធានី​ភ្នំពេញ​ទាំងមូល​ធ្វើ​ចរាចរណ៍​ឆ្លងកាត់ និង​និយាយ​ជារួម​គឺ​បំរើ​ដល់​ពលរដ្ឋ នៅ​ទូទាំងប្រទេស​ដែល​មកកាន់​រាជធានី​ភ្នំពេញ​ដែល​មក​ប្រក​មុខរបរផ្សេង” ៕

ប្រភព៖ Property Area