ធារី ចន្ថាប៊ីន ប្រតិកម្មនឹងអ្នករិះគន់​ ទៀត​ គឹមហេង

0
12

ភ្នំពេញ៖ កីឡាករជម្រើសជាតិកម្ពុជា ធារី ចន្ថាប៊ីន បានប្រតិកម្មជាខ្លាំង ចំពោះអ្នករិះគន់មួយចំនួនតូចទៅលើកីឡាករ ទៀត គឹមហេង ដែលជួបគ្រោះថ្នាក់ចរាចរណ៍ ក្នុងហេតុការណ៍រថយន្ដបុកម៉ូតូកាលពីយប់រំលងអាធ្រាតឈានចូលថ្ងៃទី២៧ ខែមិថុនាគ្រាដែលបច្ចុប្បន្ន សមាជិកក្លិបជើងឯករងវិសាខា កំពុងស្ថិតក្នុងការតាមដាននៅឡើយ ក្រោយធ្វើការស្កេនឃើញមានដុះឈាមកកតូចមួយ នៅចន្លោះលលាដ៏ និងខួរក្បាល។

កីឡាករកូនកាត់ខ្មែរ-បារាំង ដែលបង្ហោះលើបណ្ដាញសង្គមផ្ទាល់ខ្លួន ដោយបង្ហាញការសោកស្ដាយ ចំពោះគ្រោះថ្នាក់ចរាចរណ៍ខាងលើ និងចូលរួមរំលែកទុក្ខជាមួយកីឡាករ ទៀត គឹមហេង ដែលបានបាត់បង់មិត្តស្រីជាទីស្រលាញ់ក្នុងហេតុការណ៍ដ៏អាក្រក់នេះ ហើយក៏បានជូនពរ គឹមហេង ឆាប់ជាសះស្បើយផងដែរ។ តែទន្ទឹមជាមួយគ្នា ធារី ក៏បានសម្ដែងការមិនអស់ចិត្ត ចំពោះមតិអវិជ្ជមានមួយចំនួន ដែលបានបង្ហោះលើបណ្ដាញសង្គមផងដែរ។

កីឡាករកំពុងលេងឲ្យក្លិប Perak FA នៃលីគកំពូលម៉ាឡេស៊ីបន្ដថា «ខ្ញុំឃើញការគាំទ្រ ប៉ុន្ដែមានមតិអវិជ្ជមានមួយចំនួន បានបង្ហោះលើបណ្ដាញសង្គម ដែលទាក់ទងនឹងអ្វី ដែលបានកើតឡើងចំពោះគាត់ប៉ុន្មានថ្ងៃកន្លងមកនេះ។ មនុស្សត្រូវតែយល់ថា ទោះជាកីឡាករ ទោះជាសិស្ស ឬអ្វីក៏ដោយ តែងតែមានកំហុស ចឹងគាត់នៅតែជាមនុស្ស។ គាត់ស្ទើរតែបាត់បង់ជីវិត ហើយបានបាត់បង់មនុស្សជាទីស្រលាញ់ថែមទៀត។ ពិតមែនហើយ អ្នកអាចនិយាយថា គាត់មិនគួរចេញក្រៅយប់ពេក ដែលនេះជាកំហុស»

ធារី បន្ថែមថា «ប៉ុន្ដែខ្ញុំបានលឺរឿងទាំងនេះច្រើនណាស់ មនុស្សគ្មានខួរក្បាល គ្មានបេះដូង គ្មានការយោគយល់ ដែលបានឆក់យកជីវិតអ្នកដទៃនៅតាមផ្លូវ ពិសេសពេលមនុស្សបើកបរលើសល្បឿនកំណត់លើដងផ្លូវ។ នេះគឺជាកំហុសកាន់តែអាក្រក់ថែមទៀត ។ ដូច្នេះមុនអ្នកនិយាយអ្វីលើបណ្ដាញសង្គម ឬក៏និយាយដើមអំពីគាត់ក្នុងពេលនេះ សូមយកអារម្មណ៍អ្នកដាក់ក្នុងស្ថានការណ៍គាត់។ រឿងរ៉ាវទាំងឡាយ ដែលបានបង្ហោះចេញ ហើយនឹងបាននិយាយពីក្រោយស្ថានភាពពិត អាចជាផលប៉ះពាល់យ៉ាងធំទៅលើជីវិតនណាម្នាក់ និងសុខភាពផ្លូវចិត្តរបស់គេ»

លើសពីនេះ ខ្សែបម្រើកូនកាត់ដែលបានសង្កត់ធ្ងន់ថា «ដូច្នេះសូមគិតមុនពេលអ្នកធ្វើអ្វីមួយ ពិសេសក្នុងអំឡុងពេលមានស្ថានការណ៍លំបាកបែបនេះ ព្រោះនេះគឺជារឿងសោកនាដកម្ម ដែលទាក់ទងនឹងជីវិត និងសេចក្ដីស្លាប់ ។ សូមជូនពរគាត់ឆាប់ជះស្បើយឡើងវិញ មានសុខភាពល្អ និងសុភមង្គល់ ។ សូមធ្វើជាមនុស្សសុទិដ្ឋិនិយម គ្មានពេលសម្រាប់គិតរឿងអវិជ្ជមានឡើយ»

ដោយឡែកពាក់ព័ន្ធនឹងស្ថានភាពរបួសរបស់កីឡាករ ទៀត គឹមហេង បើតាមការបញ្ជាក់លើបណ្ដាញសង្គមរបស់ក្លិបវិសាខាព្រឹកនេះ បានបញ្ជាក់ថា គឹមហេង មានដុំឈាមតូចមួយ នៅចន្លោះលលាដ៏ និងខួរក្បាល ដែលត្រូវការពេលតាមដាន ៤៨ម៉ោង ហើយបើឈាមកកនោះ មិនរីកធំទេ មានន័យថា ស្ថានភាពល្អប្រសើរ អាចព្យាបាលដោយមិនបាច់វះកាត់បាន តែបើឈាមកកនោះរីកធំ ភាគរកច្រើនការព្យាបាលអាចធ្វើការវះកាត់។ ប៉ុន្ដែពាក់ព័ន្ធស្មារតីវិញ គឺមានស្ថានភាពធម្មតា គ្រាន់តែប៉ះទង្គិចបញ្ហាផ្លូវចិត្ត ដោយសារការបាត់បង់មនុស្សជាទីស្រលាញ់។

សូមបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ បានកើតឡើង កាលពីវេលាម៉ោង ១៖០២នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី២៧ ខែមិតុនា ឆ្នាំ២០២០ នៅលើផ្លូវ៣១០ កែងផ្លូវ១៤៣ នៅសង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង ដែលបង្កដោយរថយន្ដទំនើប មិនស្គាល់អត្តសញ្ញាណមួយគ្រឿង បានបើកក្នុងល្បឿនលឿន ហើយជ្រុលទៅបុកម៉ូតូម៉ាក PCX ពេញទំហឹង(អ្នកនៅកន្លែងកើតហេតុបញ្ជាក់) ដែលបណ្ដាលឲ្យអ្នកជិះម៉ូតូ ២នាក់ គឺកីឡាករ ទៀត គឹមហេង ជាអ្នកបើកបររងរបួសធ្ងន់ និងស្រីម្នាក់ ដែលគេស្គាល់ជាមិត្តស្រីឈ្មោះ គ្រី សុខដាឡែន វ័យ ១៩ឆ្នាំដូចគ្នា បានស្លាប់បាត់បង់ជីវិតភ្លាមៗ នៅកន្លែងកើតហេតុ ។ បច្ចុប្បន្នសមត្ថកិច្ច កំពុងស្វែងរករថយន្ដបង្កមកដោះស្រាយតាមផ្លូវច្បាប់៕

ប្រភព៖​ Freshnews