ក្រសួងយុត្តិធម៍អាមេរិកនៅថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២០ បានប្រកាសថា ពួកគេបានចាប់ខ្លួនក្មេងប្រុសអាយុ ១៧ឆ្នាំម្នាក់ ដែលជាមេក្លោងក្នុងការ Hack គណនីបុគ្គលល្បីៗនៅលើបណ្តាញសង្គម Twitter ដែលរួមមានទាំង បេក្ខភាពប្រធានាធិបតីគឺលោក Joe Biden អតីតប្រធានាធិបតី Barack Obama និងនាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk -ល- ។ ក្រសួងយុត្តិធម៍ក៏បានចាប់ខ្លួនមនុស្ស ២នាក់ផ្សេងទៀត ដែលបានជួយនៅក្នុងការបោកប្រាស់នេះ ដោយមានម្នាក់ជាជនជាតិអង់គ្លេស អាយុ ១៩ឆ្នាំ និងម្នាក់ទៀតជាជនជាតិអាមេរិក អាយុ ២២ឆ្នាំ នៅអូឡិនដូ រដ្ឋផ្លរីដា។

មេក្លោងនៅក្នុងការ Hack នេះឈ្មោះថា Graham Clark មានអាយុទើបតែ ១៧ឆ្នាំ និងទើបតែបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យប៉ុណ្ណោះ។ ប៉ុន្តែយ៉ាងណាជននេះត្រូវបានមេធាវីរដ្ឋផ្លរីដាចោទប្រកាន់ដូចមនុស្សពេញវ័យធម្មតាដែរ ជាមួយនឹងបទឧក្រិដ្ឋនៃការក្លែងបន្លំរហូតដល់ទៅ ៣០ ករណីឯណោះ។ ប្រភពនិយាយថា Graham Clark បានចំណូលរហូតដល់ទៅ ១០០,០០០ ដុល្លារអាមេរិក ក្រោយប្រើគណនីបុគ្គលសំខាន់ៗទាំងនោះ ទៅបោកប្រាស់អ្នកប្រើប្រាស់គណនី Twitter ផ្សេងទៀត ឱ្យផ្ញើលុយចូលទៅគណនី Bitcoin ចំនួន ១,០០០ ដុល្លារ ក្រោមថ្នូរនឹងលុយ ២,០០០ ដុល្លារវិញ។

នៅក្នុងការ Hack ក្នុងបណ្ដាញ Twitter ដើម្បីស្វែងរកការវិនិយោគនៅក្នុងរូបិយប័ណ្ណឌីជីថល Bitcoin ទៅលើគណនីមាន verified ទាំង ៤៥ នៅលើបណ្ដាញសង្គមនេះ ខាងក្រុមហ៊ុន Twitter ក៏បាននិយាយថាពួក Hacker ក៏ប្រហែលជាអានសារផ្ទាល់មួយចំនួន រួមទាំងសាររបស់មន្ត្រីជាប់ឆ្នោតប្រទេសហូឡង់ផងដែរ។ ជនល្មើស Graham Clark ក៏ទំនងជាទទួលបានប្រាក់ច្រើនជាង ១០០,០០០ ដុល្លារ តាមរយៈនេះផងដែរ៕

ប្រភព៖ខ្មែរណូត