ប្រយ័ត្ន! ! ផ្តាសាយជ្រូកប្រភេទថ្មី​ អាចវិវត្តន៍ខ្លួនជាជំងឺរាតត្បាត

0
10

ក្រុមអ្នកស្រាវជ្រាវក្នុងប្រទេសចិន បានធ្វើការប្រកាសអាសន្នក្រោយរកឃើញជំងឺផ្តាសាយជ្រូកប្រភេទថ្មីមួយទៀត ដែលមានលទ្ធភាពក្លាយជាជំងឺរាតត្បាតសាកលដូចទៅនឹងកូវីដ ១៩ ដែរ។ នេះបើតាមការសិក្សាមួយចុះផ្សាយកាលពីថ្ងៃច័ន្ទ លើកាសែតវេជ្ជសាស្ត្រអាមេរិក Proceedings of the National Academy of Sciences។

ជំងឺផ្តាសាយជ្រូកថ្មីនេះ ត្រូវគេឲ្យឈ្មោះថា G4 ដែលជាការបំប្លែងហ្សែនចេញពីជំងឺផ្តាសាយជ្រូក H1N1 ដែលធ្លាប់រាតត្បាតពិភពលោក កាលពីឆ្នាំ ២០០៩។

ការីនិពន្ធផ្នែកវិទ្យាសាស្ត្រ នៃសាលកវិទ្យាល័យចិន និងជាមន្ត្រីនៃមជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺឆ្លង បានលើកឡើងថា “លក្ខណៈសំខាន់ដែលការសិក្សាយើងបានរកឃើញ គឺបម្រែបម្រួលហ្សែនយ៉ាងខ្លាំងក្លារបស់វីរុស H1N1 ទៅជា G4 ដើម្បីមានលទ្ធភាពឆ្លងទៅកាន់មនុស្សជាថ្មី”។

ចាប់តាំងពីឆ្នាំ ២០១១ ដល់ឆ្នាំ ២០១៨ អ្នកស្រាវជ្រាវប្រទេសចិន បានយកសំណាកចេញពីច្រមុះជ្រូកជាង ៣ម៉ឺនក្បាល ដែលស្ថិតក្នុងកសិដ្ឋានចិញ្ចឹមជ្រូក ក្នុងខេត្តចំនួន ១០ និងមន្ទីរពិសោធន៍ ១ ដើម្បីធ្វើការសិក្សាទៅលើវីរុសផ្តាសាយលើសត្វជ្រូកសរុប ១៧៩ប្រភេទ ខណៈវីរុសដែលមានហានិភ័យឆ្លងខ្ពស់មួយចំនួន ត្រូវបានគេរកឃើញកាលពីឆ្នាំ ២០១៦។

ជាមួយគ្នានេះ វីរុសប្រភេទ G4 គឺមានលទ្ធភាពឆ្លងខ្ពស់បំផុតលើទៅមនុស្ស ដោយអាចបង្កជារោគសញ្ញាធ្ងន់ធ្ងរជាច្រើន ហើយថែមទាំងសម្បូរជាងវីរុសប្រភេទផ្សេងៗទាំងអស់៕

ប្រភព៖​ កម្ពុជាថ្មី