បរទេស៖ អធិរាជស្តេចប្រដាល់ Mike Tyson ដែលធ្លាប់ធ្វើឲ្យកក្រើកពិភពលោកក្នុងអាជីបរបស់ខ្លួន ពេលនេះបានត្រលប់មកវិញហើយ បន្ទាប់ពីការចូលនិវត្តន៍អស់រយៈពេល ១៥ឆ្នាំ។

 Mike Tyson បានចុះហត្ថលេខាលើកិច្ចសន្យាប្រកួតជាមួយ អតីតអ្នកប្រដាល់សកលដូចគ្នា វ័យ៥១ឆ្នាំ គឺ Roy Jones Jr ដែលគាត់ទើបតែលាលែងពីអាជីបកាលពីឆ្នាំ ២០១៨នេះទេ ជាមួយនឹងពានពិភពលោក៤ ប្រភេទទម្ងន់។

ប្រវត្តិប្រកួតរបស់ Roy Jones Jr គឺធ្លាប់ប្រកួត ៧៥ដងនៅលើសង្វៀន ក្នុងនោះឈ្នះ៦៦ និងផ្តួលដៃគូឲ្យសន្លប់រហូតដល់ទៅ ៤៧ដង លើស Tyson ចំនួន៣ដង។ ហើយសម្រាប់វីដេអូចុះហត្ថលេខារបស់អ្នកទាំងពីរ ត្រូវបានបង្ហោះជាសាធារណៈនៅលើបណ្តាញសង្គម Instagram ដោយអ្នកផ្សព្វផ្សាយកីឡា លោក Dean Toole 

សូមជម្រាបផងដែរថា អតីតស្តេចប្រដាល់ទាំងពីរ នឹងត្រូវប្រកួតគ្នាត្រឹមតែ៨ទឹកប៉ុណ្ណោះ នៅថ្ងៃទី១២ ខែកញ្ញាខាងមុខនេះ ប៉ុន្តែអ្វីដែលពិសេសនោះ គឺការកាត់សេចក្តីឈ្នះចាញ់ អាស្រ័យនៅលើការសន្លប់ ឬក៏ស្នាមរបួស៕

ប្រភព៖ខ្មែរឡូត