ផ្លូវកៅស៊ូមួយខ្សែទេីបធ្វេីហេីយ​៣-៤ខែ​ ត្រូវខូចខ្ទេចគ្មានសល់​

0
28

កំពង់ឆ្នាំង៖ ផ្លូវកៅស៊ូ២ជាន់១ខ្សែប្រវែង៣៥០០ម៉ែត្រ កសាងដោយក្រសួងអភិវឌ្ឍន៍ជនបទ ឆ្លងកាត់ភូមិសន្ទូចនិងភូមិទ្រាត្បូង ក្នុងឃុំស្រែថ្មី ស្រុករលាប្អៀរ ត្រូវបានកសាងរួចរាល់ប្រមានណ៣,៤ខែមកហើយ
ប្រជាពលរដ្ឋពិតជាអបអរសាទរខ្លាំងណាស់ ចំពោះសមិទ្ទិផលថ្មីមួយនេះរប់ប្រមុខរាជរដ្ឋាភិបាល ចែកជូនប្រជាពលរដ្ឋនៅជនបទ ។

លោក នូ ខៀវ មេឃុំស្រែថ្មី នៅល្ងាចថ្ងៃទី២៣ ខែកក្កដា នេះបាននិយាយអោយដឹងថា ផ្លូវកៅស៊ូថ្មី១ខ្សែនេះ កសាងដោយក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាប្រភពថវិការបស់រាជរដ្ឋាភិបាល ហើយទើបកសាងរួចប្រមណ ៣-៤ខែ តែប៉ុណ្ណោះ ក៏ឃើញមានការផុលខូចខាតដោយកន្លែង ទើបលោកបានរាយការ និងសំណូមពរដល់ក្រសួងមកជួយជួសជុលឡើងវិញ ។

ដោយឡែក ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន បានលើកឡើងថា គុណភាពផ្លូវមួយនេះ ដូចជាមិនល្អសោះ ព្រោះនៅចំណុចខាងជើងវត្តសន្ទូច ផ្លូវកៅស៊ូថ្មីនេះ បែរជាផុលខូចខាតទៅវិញរាប់រយម៉ែត្រ ដែលពិនិត្យមើលជាក់ស្តែងពេលគេឈូសជួសជុលឡើងវិញ ពិនិត្យឃើញការដាក់ថ្មនិងចាក់កៅស៊ូគឺស្តើងៗតែប៉ុណ្ណោះ ទើបត្រូវខូចខាតយ៉ាងលឿនបែបនេះទៅវិញ ។ ដូច្នេះសូមក្រសួង ជួយធ្វើអធិការកិច្ចដល់ក្រុមការងារបច្ចេកទេស ជាអ្នកកសាងផ្លូវនេះផង ដើម្បីកុំអោយខូចឈ្មោះរបស់ក្រសួង ដែលខិតខំចំណាយថវិកាធ្វើដើម្បីប្រជាពលរដ្ឋ ។

ទាក់ទងនិងបញ្ហានេះដែរ កាល២-៣ថ្ងៃមុននេះ ប្រជាពលរដ្ឋ ក៏បានថតបង្ហោះតាមហ្វេសបុក រិះគន់និងសំណូមពរ ដល់ក្រសួងអភិវឌ្ឍន៍ជនបទ សុំជួយមកពិនិត្យនិងជួសជុលឡើងវិញផង ទើបនៅថ្ងៃទី២៣ ខែកក្កដា នេះគេឃើញគ្រឿងចក្ររបស់ក្រសួងមកជួសជុល ។ ប៉ុន្តែទោះបីយ៉ាងណាប្រជាពលរដ្ឋ ក៏សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍បទ ដែលបានយកចិត្តទុកដាក់ជួយកសាង និងជួយជួសជុលផ្លូវកៅស៊ូនេះ ដែលមានការខូចខាត អោយបានល្អនិងរឹងមាំឡើងវិញ ៕

ប្រភព៖​ កម្ពុជាថ្មី