ដោយ​សារ​មាន​ម្ដាយ​ជា​បុគ្គល​ល្បី​ឈ្មោះ​ស្រាប់​ផង ផ្សំ​នឹង​រូប​សម្រស់​ផ្ទាល់​ខ្លួន​ថែម​ទៀត កូន​ស្រី​ច្បង​របស់ សេដ្ឋីនី ទ្រី ដាណា ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​មិន​ធម្មតា ដោយ​ក្នុង​នោះ នាង​បង្កើត​ទំព័រ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​នាង​ត្រឹម​តែ​១​យប់​ប៉ុណ្ណោះ ទទួល​បាន​អ្នក Like រាប់​ម៉ឺន​នាក់ ខណៈ​ចំនួន​នេះ អ្នក​ខ្លះ​អាច​ចំណាយ​ដល់​ច្រើន​ខែ​រហូត​ដល់​ឆ្នាំ​ឯណោះ។

មក​ដល់​ព្រឹក​ថ្ងៃ​នេះ យុវតី​ស្រស់​ស្អាត ដែល​ត្រូវ​បាន​ប្រកាស​ម្សិលមិញ​ថា ជា​កូន​ស្រី​របស់​អ្នក​ជំនួញ​ល្បី​ឈ្មោះ និង​ចូល​ចិត្ត​សិល្បៈ​នោះ ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ថា “ជ័យ ដាណាភីន” គឺ​ជា​កូន​ស្រី​ច្បង ក្នុង​ចំណោម​បង​ប្អូន​៣នាក់(ស្រី​១ ប្រុស​២) របស់​អ្នក​ស្រី ទ្រី ដាណា។

ដាណាភីន ទើប​តែ​ចេញ​មុខ​ជា​សាធារណៈ​លើក​ដំបូង​ជាមួយ​ម្ដាយ​កាល​ពី​ម្សិលមិញ ក្នុង​វេលា​ទទួល​កាដូ​រថយន្ត​ដែល​មាន​តម្លៃ​ដល់​ទៅ ៥០ម៉ឺន​ដុល្លារ​អាមេរិក។ ត្បិត​ថា នេះ​ជា​កាដូ​ដ៏​មាន​តម្លៃ​កម្រ​ប្រទះ ប៉ុន្តែ​មួយ​ផ្នែក​នៃ​ការ​​ចាប់​អារម្មណ៍​របស់​ទស្សនិកជន គឺ​ផ្ដោត​ទៅ​លើ​យុវតី​វ័យ​ក្មេង ដែល​លេច​មុខ​យ៉ាង​កម្រ។ ចំណុច​ពិសេស គឺ​រូប​សម្ផស្ស​របស់​យុវតី​តែ​ម្ដង ដែល​មាន​ប្រិយមិត្ត​បាន​ពោល​សរសើរ​ថា នាង​ពិត​ជា​មាន​សម្រស់​ស្រស់​ស្អាត គួរ​ឲ្យ​គយ​គន់។

ទទួល​បាន​ការ​ចាប់អារម្មណ៍​បែប​នេះ យប់​មិញ​ក៏​មាន​ដំណឹង​ថា កូន​ច្បង​របស់​គ្រួសារ​អភិជន បាន​ឈាន​ទៅ​បង្កើត​ទំព័រ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​ជា​ផ្លូវ​ការ​លើក​ដំបូង ដោយ​ដាក់​ឈ្មោះ​ថា Danaphin – ដាណាភីន។ ដំបូង​ឡើយ មាន​ការ​ប៉ាន់​ស្មាន​​ថា នេះ​អាច​ជា​ស្នាដៃ​អ្នក​រក​ស៊ី​ធ្វើ​ផេក​លក់ ដែល​តែង​តែ​ឆ្លៀត​ឱកាស​បង្កើត​ទំព័រ​ហ្វេសបុក​ពី​អ្វី​ដែល​បាន និង​កំពុង​ចាប់​អារម្មណ៍ ដើម្បីច្បាម​យក​ចំនួន Like ហើយ​ធ្វើ​លក់​ចេញ​ប៉ុណ្ណោះ។

ប៉ុន្តែ​តាម​ប្រភព​ជិត​ស្និទ្ធ​មួយ​បាន​បញ្ជាក់​ថា ទំព័រ​ហ្វេសប៊ុក​ខាង​លើ គឺ​ជា​របស់​យុវតី​សម្បុរ​ស្រអែម ជ័យ ដាណាភីន នោះ​ហើយ ហើយ​ជាមួយ​គ្នា​ម្ដាយ​របស់​យុវតី ក៏​បាន​បញ្ជាក់​ពី​រឿង​នេះ​ដែរ។ ទំព័រ​បណ្ដាញ​សង្គម​ថ្មី​ថ្មោង​នេះ ទើប​តែ​ឃើញ​មាន​បង្ហោះ​រូប​របស់​ម្ចាស់​ទំព័រ​វ័យ​ក្មេង តែ​២-៣សន្លឹក​ប៉ុណ្ណោះ ប៉ុន្តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ច្រើន។ ដូច្នេះ​ហើយ ត្រឹម​រយៈ​ពេល​តែ​ជាង ១០ម៉ោង​ប៉ុណ្ណោះ ទំព័រ​នេះ ទទួល​បាន​អ្នក​ចុច Like ដល់​ទៅ​ជាង ៥ម៉ឺន​នាក់​ឯណោះ។

មិន​ខុស​នឹង​ការ​បង្ហាញ​រូបរាង​ពិត​ម្សិលមិញ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង ប៉ុន្តែ​រូបភាព​តែ​២-៣សន្លឹក​របស់​យុវតី​នៅ​លើ​បណ្ដាញ​ទំនើប ទទួល​ការ​ចាប់​អារម្មណ៍ like និង Share ព្រម​ទាំង​ទទួល​បាន​ការ​សរសើរ​ជា​ច្រើន​ពី​ប្រិយមិត្ត។ ពួក​គេ​លើក​ឡើង​ដូច​ៗ​គ្នា​ថា ដាណាភីន ពិត​ជា​ស្រស់​ស្អាត ហើយ​មើល​ទៅ​ចរិត​ឫកពា ក៏​រម្យទម​គួរ​ឲ្យ​ស្រឡាញ់​ថែម​ទៀត។

អ្នក​ម្ដាយ ក៏​បាន​លើក​សរសើរ​កូន​ស្រី​រូប​នេះ​ម្សិលមិញ​ដែរ​ថា ជា​កូន​ល្អ គិត​តែ​ពី​រៀន មិន​ដែល​ចេះ​ទាមទារ​អ្វី​ឡើយ។ ជាក់​ស្ដែង​កាដូ​រថយន្ត​តម្លៃ​កន្លះ​លាន​ដុល្លារម្សិលមិញ ក៏​អ្នក​នាង​ផ្ដល់​ជូន​ដោយ​ចិត្ត​ឯង ខណៈ​កូន​ស្រី​ក្រោយ​ពី​ម្ដាយ​សួរ​ដដែល​ៗរឿង​ចង់​បាន​អ្វី​នោះ នាង​ថា ចង់​បាន​ត្រឹម​រថយន្ត Prius មួយ​គ្រឿង​ ទុក​ជូន​ប្អូន​ៗ​នាង​ទៅ​សាលា​ប៉ុណ្ណោះ៕