ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ យន្តហោះចម្បាំងរុស្ស៊ី​ Su-27 មួយគ្រឿង បាន​ហោះទៅស្ទាក់យន្តហោះឈ្លបយកការណ៍របស់សហរដ្ឋអាមេរិកចំនួន ២គ្រឿង ដែល​​ស៊ើបការណ៍នៅជិតព្រំដែនរុស្ស៊ី។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន​​Reuters ថ្ងៃទី ៣១ ខែកក្កដា។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិរុស្ស៊ីបានឱ្យដឹង​ថា យន្ដហោះទាំង ២គ្រឿងរបស់អាមេរិកនោះ គឺមានឈ្មោះថា RC-135 និង P-8 Poseidon ដែល​ជាយន្តហោះឈ្លបយកការណ៍សកម្ម​។​ ​ប៉ុន្តែបើទោះបីជាយ៉ាងក្តី យន្តហោះឈ្លបយកការណ៍អាមេរិកទាំងនោះ គឺមិនត្រូវបានអនុញ្ញាតឱ្យរំលោភចូល​ដែនអាកាសនៃប្រទេសរុស្ស៊ីឡើយ​។

គួរឱ្យដឹងផងដែរថា ឧប្បត្តិហេតុនេះបានកើតឡើង ស្របពេល​ភាពតានតឹងរវាងប្រទេសទាំងពីរ ចេះតែបន្តកើតមានកាន់តែខ្លាំងឡើង។​​ ហើយកាលពីថ្ងៃច័ន្ទ​សប្តាហ៍នេះ ​ប្រទេសរុស្ស៊ីក៏ធ្លាប់បានបញ្ជូនយន្ដហោះចម្បាំង Su-27 ​ទៅស្ទាក់​យន្តហោះស៊ើបការណ៍អាមេរិកមួយគ្រឿងឈ្មោះថា P-8 Poseidon ដែល​ហោះស៊ើបការណ៍នៅក្បែរដែនអាកាសរបស់ខ្លួន ម្តងរួចទៅហើយ៕

ប្រភព៖ខ្មែរឡូត