រដូវភ្លៀងមកដល់! ! ឪពុកម្តាយគួរប្រុងប្រយ័ត្នជំងឺគ្រុនឈាមចំពោះកូនៗរបស់ខ្លួន

0
25

គ្រុន​ឈាម​ជា​​តួ​ឯក​នៅរដូវ​ភ្លៀង​ធ្លាក់ ដែល​យាយី និង​រាត​ត្បាត​លើ​កុមារ​ធ្ងន់ធ្ងរ​កាល​ពី​ឆ្នាំ ២០១៩ កន្លងទៅ​។ អនុ​ប្រធាន​មន្ទីរពេទ្យ​គន្ធបុប្ផា នៅ​រាជធានី​ភ្នំពេញ លោក​វេជ្ជបណ្ឌិត ហេង សុទ្ធី បាន​ឲ្យ​ដឹង​ថា ជំងឺ​គ្រុនឈាម​ចែក​ចេញ​ជា ៣ដំណាក់កាល​សំខាន់ៗ ហើយម៉ាក់ប៉ា​ត្រូវ​ដឹង​ពី​រោគ​សញ្ញា​នៅ​ដំណាក់កាលទី១ ឬ​ដំបូង​ឲ្យ​បាន​ច្បាស់ ទើប​កូន​មិន​ធ្ងន់ធ្ងរ គ្រូពេទ្យ​អាច​ជួយ​សង្គ្រោះ​បាន។

ដំណាក់កាល​ទី១
ជា​ដំណាក់កាល​ក្តៅ​ខ្លួន មាន​រយៈពេល​៣​ថ្ងៃ​ដំបូង ដែល​ក្មេង​ក្តៅ​ខ្លួន​ខ្លាំង ដាក់​ថ្នាំ​យ៉ាង​ណា​ក៏​មិន​ត្រជាក់​ខ្លួន។ ឧ. កុមារ​ឡើង​កម្តៅ​ដល់ ៤០ អង្សារសេ ដាក់​ថ្នាំ​បញ្ចុះ​កម្តៅ​ទៅ​យ៉ាង​ច្រើន​ចុះ​១អង្សារសេ​ប៉ុណ្ណោះ។ សញ្ញា​ទី២ ក្មេង​អាច​ឈឺ​ពេញ​ពោះ ពិសេស​ផ្នែក​ខាង​ស្តាំ នៃឆ្អឹងជំនីរ ក្មេង​មិន​សូវ​ញ៉ាំ មិន​សូវ​លេង ត្របក​ភ្នែក​ខាង​ក្នុង​ក្រហម​ខ្លាំង​ជាងធម្មតា ឈឺឆ្អឹង គេង​មិន​ស្ងប់ ឬ​ក៏​គេង​ច្រើន​ជាង​មុន និង​មាន​ស្នាម​អុច​ក្រហម​តូចៗ​នៅ​លើ​ស្បែក ដែល​ស្នាម​នេះ​ខុស​ពី​ស្នាម​មូស​ខាំ ដោយ​យក​ដៃ​ញែក​មិន​បាត់​ក្រហម​នោះ​ទេ។

ដោយ​ហេតុថា អាការៈ​ខាង​លើ​អាច​ច្រឡំ​នឹង​ជំងឺ​ផ្សេងៗ លោក​វេជ្ជបណ្ឌិត​បាន​លើក​ឡើង​ពី​ចំណុច​ពិសេស​នៃ​រោគ​សញ្ញា​ជំងឺ​គ្រុន​ឈាម​ដំណាក់​កាល​ដំបូង ដែល​អាច​ឲ្យ​ម៉ាក់ប៉ា​ងាយ​ស្រួល​ចំណាំ​បំផុត គឺ​ក្មេង​ក្តៅ​ខ្លួន៣ថ្ងៃ ចាប់​ផ្តើម​ត្រជាក់​វិញ តែ​អាការៈ​ផ្សេងៗ​នៅ​តែ​មិន​ធូរ បាន​ន័យថា​ក្មេង​នៅ​គេង​សន្លឹម មិន​សូវ​លេង មិន​សូវ​ញ៉ាំ​ដដែល ម៉ាក់ប៉ា​ត្រូវ​ប្រញាប់​នាំ​ជួប​គ្រូពេទ្យ។

ដំណាក់កាលទី២
ជា​ដំណាក់កាល​ក្មេង​ចាប់​ត្រជាក់​ខ្លួន ប៉ុន្តែ​សុខភាព​ក្មេង​មិន​ទាន់​ស្រួល​នោះ​ទេ ហើយ​រោគ​សញ្ញា​ដែល​កើត​ចេញ​នៅ​ដំណាក់កាល​ទី១ នៅ​មាន​ដដែល តែ​រាង​ធ្ងន់​ជាង​មុន។ ឧ. ក្មេង​ឈឺ​ពោះ​ជាង​មុន ក្មេង​ធ្លាប់​តែ​ដេកសន្លឹម ទៅ​ជា​ឡេះឡះ អាច​មាន​ហូរឈាម​ច្រើន​ជាង​មុន មាន​វិបត្តិ​ជីពចរ សម្ពាធ​ឈាម​ធ្លាក់​ចុះ ស្ហុក ត្រជាក់​ចុង​ដៃ​ជើង។ ដំណាក់កាលទី២​នេះ ជា​ដំណាក់​កាល​ធ្ងន់ធ្ងរ ក្មេង​អាច​ហូរឈាម​ខ្លាំង ឈាម​អាច​ខាប់​ក្នុង​សរសៃ​ឈាម តែ​ឈាម​ហ្នឹង​ចេញ​ក្នុង​ខ្លួន ធ្វើ​ឲ្យ​ហើម​សួត ក្មេង​ហត់ ប៉ះពាល់​ទៅ​លើ​តម្រងនោម ថ្លើម ខួរក្បាល និង​អាច​ធ្វើ​ឲ្យ​ក្មេង​ស្លាប់។

ដំណាក់កាលទី៣
ជា​ដំណាក់​កាល​ជា​សះ​ស្បើយ អាច​អំឡុង​ថ្ងៃទី៦-៧ នៃ​ការ​កើត​ជំងឺ​គ្រុនឈាម។ ដំណាក់កាល​ទី៣​នេះ ក្មេង​មាន​សុខភាព​ល្អ ចាប់​ផ្តើម​លេង​ញ៉ាំ​ដូច​ធម្មតា​វិញ ឯ​សម្ពាធ​ឈាម និង​ជីពចរ​ល្អ​ឡើង​វិញ ក្តៅ​ស្មើ​ធម្មតា តែ​ជួនកាល​ក្មេង​អាច​ចេញ​កន្ទួល​អុចៗ​ច្រើន​ជាង​មុន និង​មាន​រមាស់ តែ​មិន​មាន​ធ្វើ​ទុក្ខ​អ្វី​នោះ​ទេ ម៉ាក់ប៉ា​មិន​បាច់​បារម្ភ​នោះ​ទេ វាជា​ដំណាក់​កាល​ជា​សះស្បើយ​ប៉ុណ្ណោះ៕

ប្រភព៖​ HelloKropet