លោក​ ហង់ជួន​ ណារ៉ុន៖​ ក្រសួង​មិនអាច​បើក​សាលារៀន​ទាំង​ប្រថុយប្រថាន​បានទេ​ត្រូវ​គិតពី​សុ​វត្ថិភាព​សុខភាព​ជា​ចម្បង

0
24

ភ្នំពេញ ​៖ ​លោក បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និង​កីឡា​បាន​អះអាងថា​ ក្រសួង​មិនអាច​បើក​ដំណើរ​សាលារៀន​ឡើងវិញ​ទាំង​ប្រថុយប្រថាន​បានទេ​គឺ​ត្រូវ​គិតពី​សុវត្ថិភាព​សុខ​ភាពជា​ចម្បង​របស់​សិស្សានុសិស្ស​ ដើម្បី​ការពារ​កុំ​ឲ្យ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩​។

ថ្លែង​នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា​ទាំងអស់ នៃ​ស្រុក​កងមាស​ខេត្ត​កំពង់ចាម​បាន​លើក​ឡើង​ ពី​គោលការណ៍​នៃ​ការ​បើក​សាលា​ឲ្យ​ដឹង​ថា ​«​យើង​មិន​អាច​ធ្វើ​ទាំង​ប្រថុយប្រថាន​នោះ​ទេ ​គឺ​យើង​ត្រូវ​គិត​លើ​សុវត្ថិភាព សុខភាព អនាម័យ​ជា​ចម្បង​ហើយ​ការ​បើក​សាលា​នេះ​គឺ​ត្រូវ​ធ្វើ​ឡើង ៣​ដំណាក់កាល​។​ដំណាក់កាល​ទី​១​គឺ​ធ្វើ​ឡើង​ចំពោះ​សាលា​ឯកជន​ដែល​មាន​ស្តង់ដារ​ខ្ពស់ ប្រសិនបើ​ទទួល​បាន​លទ្ធផល​ល្អ នឹង​បន្ត​ទៅ​ដំណាក់កាល​ទី​២ និង​ទី​៣​ដោយ​យក​គំរូ​តាម​ដំណាក់កាល​ទី​១ និង​ស្របទៅតាម​ស្តង់ដារ​នៃ​គោលការណ៍​ណែនាំ​របស់​អង្គការ​សុខភាព​ពិភពលោក​»​។

លោក​រដ្ឋមន្ដ្រី​ក្រសួង​អប់រំ​យុវជន​និង​កីឡា ​ធ្លាប់​បាន​លើកឡើង​ច្រើនលើកច្រើនសារ​មក​ហើយ​ថា ការ​ដែល​ក្រសួង​នៅ​មិនទាន់​អាច​បើក​សាលារៀន​ឡើងវិញ​បាន ​គឺ​ដោយសារ​ក្រសួង​មិន​ចង់​ឲ្យ​មានការ​ផ្ទុះ​ជំងឺ​កូ​វីដ​១៩​ឡើងវិញ ​ដូច​នៅ​បណ្តា​ប្រទេស​មួយ​ចំនួន​នៅលើ​ពិភពលោក​។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ​«​ប្រសិនបើ​បើក​សាលារៀន​ទៅ​មានការ​ផ្ទុះ​ជំងឺ​កូ​វីដ​១៩​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​នោះ​វា​នឹងធ្វើ​ឲ្យ​សេដ្ឋកិច្ចកម្ពុជា​ដែល​បាន​ខិតខំ​អភិវឌ្ឍន៍​អស់​រយៈពេល​២០​ឆ្នាំកន្លងមក​ទៅនេះ​នឹង​ដើរ​ថយក្រោយ​ពិបាក​នឹង​ស្តារ​ឡើង​ណាស់​»​។

យ៉ាងណាក៏ដោយ លោក​រដ្ឋមន្ត្រី​បាន​បន្តទៀត​ថា ​ក្នុងអំឡុងពេល​បិទ​សាលា ក្រសួង​បាន​ខិតខំ​បន្ត​ការ​បង្រៀន​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក៏ដូចជា​មធ្យោបាយ​ផ្សេងៗ​ជាច្រើន​ទៀត ដោយ​មិនបាន​ផ្អាក​ដំណើរការ​នៃ​ការសិក្សា​ឡើយ​។

លោក ហេង វ៉ាន់ដា ប្រធាន​ប្រធាន​សមាគម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​កម្ពុជា​បាន​ឲ្យ​ដឹងថា ​នៅ​ដំណាក់កាល​ទី​១ សាលា​អន្តរជាតិ​ធំៗ ចំនួន​២០​ដែល​មាន​ស្តង់ដារ​ខ្ពស់​នឹង​បើក​ដំណើរការ​ឡើងវិញ​នៅ ខែសីហា ឆ្នាំ​២០២០​នេះ​ជា​សាលា​កម្រិត​ចំណេះដឹង​ទូទៅ​សម្រាប់​សិស្ស​ដែល​ជា​កូនចៅ​របស់​មន្ត្រី​ការ​ទូត​និង​អ្នកជំនួញ​ដែល​មាន​ការ​បង់ថ្លៃ​សិក្សា​ខ្ពស់​ចាប់ពី​៤​ពាន់​ទៅជា​ង​១​ម៉ឺន​ដុល្លារ​។

លោក​បាន​បន្តថា ​សាលា​ទាំង​២០​នោះ​ មាននៅ​រាជធានី​ភ្នំពេញ​ចំនួន​១៧​ខេត្តសៀមរាប​ចំនួន​២​និង​ខេត្តបាត់ដំបង​ចំនួន​១​ដែល​សាលា​ទាំងនេះ​នឹងត្រូវ​ដាក់ពាក្យ​ស្នើសុំ​មក​ក្រសួង​ជា​មុន​សិន​ដើម្បី​ឲ្យ​ក្រុមការងារ​ក្រសួង​ចុះ​ពិនិត្យ​សាលា​តើ​មាន​លក្ខណៈ​ស្តង់ដារ​អនាម័យ​ខ្ពស់​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​និង​អង្គការ​សុខភាព​ពិភពលោក​ដូចជា​ត្រូវ​ដាក់​សិស្ស​ក្នុង​១​ថ្នាក់​១៥​នាក់ ពាក់​ម៉ាស់​និង​ចង​របាំងមុខ ស្កេ​ន​កំដៅ​ដល់​សិស្ស​គ្រូ​និង​បុគ្គលិក​ជាប្រចាំ​នឹង​ត្រូវ​ធ្វើ​តេស្ត​រកកូ​វីដ​១៩​ដល់​សិស្ស​គ្រូ​និង​បុគ្គលិក​មុន​អនុញ្ញាត​បើក​សាលា​ជា​ផ្លូវការ​។

លោក​រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​មានប្រសាសន៍ថា​រហូតមក​ដល់ពេលនេះ ក្រសួង​អប់រំ យុវជន និង​កីឡា​កំពុង​រង់ចាំ​លទ្ធផល​ពិភាក្សា​រវាង​គ្រឹះស្ថានសិក្សា​ឯកជន​ទាំង​២០ និង​មាតាបិតា​របស់​សិស្សានុសិស្ស មុន​ឈាន​ដល់​ការចុះហត្ថលេខា​លើ​អនុសារណៈ​យោគយល់​ស្តី​ពី​ការសាកល្បង​បើក​ដំណើរការ​ដំណាក់កាល​ទី​១ រវាង​គ្រឹះស្ថានសិក្សា​ឯកជន​និង​ក្រសួង​អប់រំ យុវជន និង​កីឡា។

លោក​បាន​បន្ត​ថា ​ការសាកល្បង​បើក​ដំណើរការ​ដំណាក់កាល​ទី​១ ​ទៅលើ​សាលា​ឯកជន​មាន​ស្តង់ដារ​ខ្ពស់​ទាំង​២០​នេះ​ ត្រូវ​ផ្តល់​ការ​ឯកភាព​តាម​គោលការណ៍​ស្ម័គ្រចិត្ត​បញ្ជូន​កូន​ចូលរៀន​របស់​មាតាបិតា​សិស្ស​ជា​មុន​សិន ​ទើប​ក្រសួង​អនុញ្ញាត​ឲ្យ​សាលា​ទាំងនោះ​បើក​ជា​ផ្លូវការ​។

លោក​បាន​បន្ថែម​ថា ​នៅ​ដំណាក់កាល​ទី​១​នេះ​ក្រសួង​នឹង​ចាប់ផ្តើម​ឲ្យ​សាលា​ទាំងនោះ​បើក​ដំណើរការ​នៅក្នុង​កំឡុង​ខែសីហា​ឆ្នាំ​២០២០​ទៅតាម​កាលបរិច្ឆេទ​ចូលរៀន​ជាក់ស្តែង​របស់​គ្រឹះស្ថានសិក្សា​ឯកជន​នីមួយៗ​។

​គួរ​បញ្ជាក់​ថា ​ដើម្បី​ឈាន​ដល់​ការ​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​សាកល្បង​បើក​ដំណើរការ ដំណាក់កាល​ទី​១ ក្នុង​កំឡុង​ខែសីហា ឆ្នាំ​២០២០ ក្រសួង​អប់រំ យុវជន និង​កីឡា បន្ត​ណែនាំ ត្រួតពិនិត្យ វាយតម្លៃ​ការរៀបចំ​របស់​គ្រឹះស្ថានសិក្សា​ឯកជន​ទាំង​២០ ដោយ​ឈរ​លើ​គោលការណ៍​តម្រូវ​ចំនួន​៦​រួមមាន​១. ការរៀបចំ​បរិស្ថាន​សាលា អគារសិក្សា និង​ការរៀបចំ​ថ្នាក់រៀន (​ចំនួន​សិស្ស​ក្នុង​ថ្នាក់រៀន​ដែល​គោរព​បាន​នូវ​គម្លាត​សុវត្ថិភាព​) ដោយ​ត្រូវ​អនុវត្តតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក ជាពិសេស​គ្រឹះស្ថានសិក្សា​ត្រូវ​បាញ់ថ្នាំ​សម្លាប់​មេរោគ​ជា​ទៀងទាត់ និង​ត្រូវ​បំពាក់​ឧបករណ៍​សម្រាប់​សម្លាប់​មេរោគ​តាម​ស្តង់ដារ​។

២. គ្រូបង្រៀន សិស្ស និង​បុគ្គលិក​គ្រឹះស្ថានសិក្សា​ត្រូវធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ​១៩ មុន​ដំណើរការ​សាលា ៣. ក្នុងករណី​គ្រឹះស្ថានសិក្សា​ទាំងនេះ​មានការ​ធ្វេសប្រហែស ឬ​ល្មើស​នឹង​អនុស្សរណៈ​យោគយល់​គ្នា គ្រឹះស្ថានសិក្សា​ទាំងនោះ​នឹង​ត្រូវ​ទទួល​ការព្រមាន និង​ឈានទៅ​ផ្អាក​ដំណើរការ​បណ្តោះអាសន្ន ​៤. គ្រឹះស្ថានសិក្សា​ទាំងនេះ​ត្រូវ​បន្ត​អនុវត្ត​នូវ​វិធីសាស្ត្រ​សិក្សា​តាមបែប​ចម្រុះ​គឺ ការសិក្សា​ពី​ចម្ងាយ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក រួម​ជាមួយនឹង​ការសិក្សា​នៅក្នុង​ថ្នាក់រៀន ព្រមទាំង​គោរព​នូវ​ពិធីសារ​សុវត្ថិភាព​សុខភាព​សិក្សា​៥. ក្រសួង​នឹង​ចេញ​គោលការណ៍​ណែនាំ​ស្តី​ពី លក្ខខណ្ឌ​តម្រូវ​នៃ​ការ​លើកកម្ពស់​សុខភាព​សិក្សា​ក្នុង​បរិបទ​កូ​វីដ​ជា​មូលដ្ឋាន​គោល​សម្រាប់​ការរៀបចំ​ពិធីសារ​សុវត្ថិភាព​សុខភាព​សិក្សា​របស់​គ្រឹះស្ថានសិក្សា​៦. គ្រឹះស្ថានសិក្សា​ត្រូវអនុវត្ត​វិធានការ​តម្រូវ​នានា​៕

ប្រភព៖​ កម្ពុជាថ្មី