ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ បានប្រកាសពីគម្រោងសាងសង់ស្ពានអាកាសថ្មើរជើងចំនួន២៧ទីតាំងបន្ថែមទៀត សម្រាប់បំរើដល់កំណើនប្រជាពលរដ្ឋនរស់នៅក្នុងក្រុងភ្នំពេញ កាត់បន្ថយគ្រោះថ្នាក់ និងកកស្ទះចរចរណ៍នៅក្នុងទីក្រុងភ្នំពេញ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ពានអាសថ្មើរជើងត្រង់ចំណុចផ្សារដើមគរនាព្រឹកថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២០នេះ ឱ្យដឹងថា ជាជំហានដំបូង រដ្ឋបាលរាជធានីភ្នំពេញ គ្រោងសាងសង់ស្ពានអាកាសថ្មើរជើងថ្មីចំនួន ២៧ នៅក្នុងរាជធានីភ្នំពេញដើម្បីជួយរំដោះការកកស្ទះ ចរាចរណ៍ និងកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍ជូនប្រជាពលរដ្ឋ ។

លោកបន្តទៀតថា “នៅក្នុងរាជធានីភ្នំពេញ យើងនឹងធ្វើស្ពានថ្មើរជើងនេះ រហូតដល់ ២៧ ទីតាំងបន្ថែមទៀត ហើយបើ ២៧ ទីតាំងនេះ មិនគ្រប់ និងតម្រូវការទៀត យើងនឹងធ្វើបន្ថែមទៀត ប៉ុន្តែជាបឋមនេះ យើងធ្វើប៉ុន្នេះសិន ហើយសូមមេត្តាបងប្អូនអត់ធ្មត់ ដោយសារតែថវិការបស់យើងនៅមានកម្រិត ដែលមិនអាចធសាងសង់បានព្រមគ្នា”។

លោកបន្តថា “ការសាងសង់ស្ពានអាកាសថ្មើរជើងមិនត្រឹមតែបំរើឱ្យប្រជាពលរដ្ឋរស់នៅក្នុងតំបន់តែប៉ុណ្ណោះទេ តែវាសម្រាប់បំរើដល់ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញទាំងមូលធ្វើចរាចរណ៍ឆ្លងកាត់ និងនិយាយជារួមគឺបំរើដល់ពលរដ្ឋនៅទូទាំងប្រទេសដែលមកកាន់រាជធានីភ្នំពេញដែលមកប្រកមុខរបរផ្សេងៗ”។

លោកបន្តទៀតថា “ការសាងសង់ស្ពានអាកាសថ្មើរជើងនេះ មិនមែនមានតែនៅក្នុងមូលដ្ឋានខណ្ឌទួលគោកទេ ខ្ញុំសូមបញ្ជាក់ថា ដោយសារតំបន់ទួលគោកនេះ (តំបន់ផ្សារដើមគរ និង សន្ធរមុក) មានភាពមមាញឹកចរាចរណ៍ខ្លាំង ជាមួយគ្នានេះ ក៏យើងមានស្ពានអាកាសថ្មើជើង១រួចហើយដែរ គឺនៅស្តុំនាងគង្ហីង”។

លោកអភិបាលរាជធានីភ្នំពេញបញ្ជាក់ទៀតថា គម្រោងសាងសង់ស្ពានអាកាសថ្មើរជើងថ្មី២៧ទីតាំងបន្ថែមទៀតនេះនឹងត្រូវធ្វើ ឡើងនៅតំបន់ទីប្រជុំជន មុខសាសារៀន មន្ទីរពេទ្យ ផ្សារ ឬកន្លែងមួយចំនួនទៀតដែលមានចំណុចផ្លូវ ប្រសព្វពិបាកក្នុងការឆ្លងកាត់ថ្នល់។

លោកថា ការសម្រេចបង្កើន ការសាងសង់ស្ពានអាកាសថ្មើរជើងនេះ ដោយសារតែរាជធានីភ្នំពេញមានកំណើនទំាងប្រជាពលរដ្ឋនិងយានយន្ត ដែលតម្រូវឲ្យរដ្ឋបាលរាជធានីភ្នំពេញ បង្កើនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍយ៉ាងឆាប់រហ័ស៕

ប្រភព៖ Property Area