ភ្នំពេញ៖រដ្ឋបាលរាជធានីភ្នំពេញបានស្នើឱ្យពលរដ្ឋដែលកំពុងស្នាក់នៅក្នុង សំណង់អគារដែលមានទីតាំងស្ថិតនៅកាច់ជ្រុងមហាវិថីព្រះមុនីវង្ស និងមហាវិថីកម្ពុជាក្រោម(ទល់មុខអគារពាណិជ្ជកម្មផ្សារទំនើប B.S) ស្ថិតនៅក្នុងមូលដ្ឋានខណ្ឌមករា មានការប្រុងប្រយ័ត្នខ្ពស់ ព្រោះអគារនេះមានស្ថានភាពទ្រុឌទ្រោមខ្លាំង។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញចេញផ្សាយកាលពីយប់ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២០ កាលពីយប់មិញនេះ បានប្រាប់ពលរដ្ឋ និងម្ចាស់អាជីវកម្មដែលកំពុងស្នាក់នៅលើអគារខាងលើនេះថា មានស្ថានភាពទ្រុឌទ្រោម ហើយបានសាងសង់ឡើងតាំងពីអំឡុងឆ្នាំ ១៩៥០ កន្លងមកនេះ។

ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុនោះ រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំដល់ពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ដោយមិនត្រូវផ្ទុកសម្ភារៈធ្ងន់លើសទម្ងន់ និង ស្នើឱ្យមានការជួសជុលបន្ទាន់ចំពោះផ្ទះដែលកំពុងស្នាក់នៅមានសភាពប្រេះស្រាំ ខូចខាតខ្លាំង ដោយត្រូវជ្រើសរើសក្រុមហ៊ុន ឬ វិស្វករ ដែលមានជំនាញច្បាស់លាល់។

រដ្ឋបានរាជធានីភ្នំពេញបញ្ជាក់ទៀតថា ក្នុងករណីដែលផ្ទះមានសភាពទ្រុឌទ្រោមខ្លាំងមិនអាចជួសជុលបាន ត្រូវផ្លាស់ប្តូរទៅលំនៅឋានថ្មីដែលមានសុវត្ថិភាពឱ្យបានឆាប។

យោងតាមលិខិតលេខ ៣១៨២ ដនស/អសណ ចុះថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០១៨ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឱ្យដឹងថា ស្ថានភាពនៃអគារនេះ មានសភាពទ្រុឌទ្រោមយ៉ាងខ្លាំងគួរឱ្យព្រួយបារម្ភ ដោយសារតែសំណង់នេះខ្វះខាតថែទាំ ជួសជុលឱ្យបានត្រឹមត្រូវតមាលក្ខណៈបច្ចេកទេសអស់រយៈពេលជាយូរឆ្នាំមកហើយ ដែលជាហេតុធ្វើឱ្យអគារទាំងមូលទទួលរងនូវការខូចខាតប្រេះស្រាំជាច្រើនកន្លែង ជាពិសេសគ្រឿងបង្គុំសំណង់មានសភាពពុកផុយខូចទាំងអស់ប្រមាណ ៥០ ភាគរយ ហើយអាចបណ្តាលឱ្យរំលំបាក់ស្រុតនៅពេលណាមួយ។

នៅរសៀល ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០នេះ មានករណីធ្លាក់បំណែកថ្ម១ដុំធំ ចេញពីការដ្ឋានជួសជុលផ្ទះមួយកន្លែង ស្ថិតនៅទល់មុខអគារ BS ខណ្ឌ៧មករា បណ្តាលឱ្យត្រូវរថយន្តមួយគ្រឿង ដែលចត់នៅខាងក្រោមនេះ ខូចខាតយ៉ាងដំណំ តែសំណាងល្អការធ្លាក់ថ្មនេះ ពុំបានធ្វើឱ្យមនុស្សណាម្នាក់រងគ្រោះឡើយ៕

ប្រភព៖ Property Area