​ក្រុម Leeds United ​ក្រោយ​ពី​បាន​កៅអី​លេង​ពាន​រង្វាន់ Premier League ​វិញ​ភ្លាម ​ពួកគេ​ក៏​ចាប់​ផ្ដើម​ដំណើរ​ការ​ទីផ្សារ​ទិញដូរ​កីឡាករ​ភ្លែត​តែ​ម្ដង។

​ម្ចាស់​ជើង​ឯក Championship ​មួយ​នេះ ​នឹង​ទទួល​បាន​ប្រាក់​ប្រមាណ​២០០​លាន​ផោន​ពី​ការ​បាន​ឡើង​មក​លេង​នៅ Premier League ​វិញ​នេះ។ ចំនួន​ប្រាក់​នេះ គឺ​ល្មម​សម្រាប់​ពួកគេ​ដើម្បី​ចាយ​ទិញ​កីឡាករ​ថ្មី​មក​ពង្រឹង​ក្រុម ដើម្បី​ធ្វើ​យ៉ាង​ណា​អាច​ឈរ​ជើង​បាន​ក្នុង​លីគ​កំពូល​អង់គ្លេស​។ លោក Andrea Radrizzani ​ប្រធាន​ក្លឹប Leeds United ​បាន​អះអាង​ថា​លោក​ពេញ​ចិត្ត Zlatan Ibrahimovic ​និង Cavani ​ជា​ខ្លាំង ​ហើយ​សង្ឃឹម​ថា​នឹង​អាច​នាំ​ពួកគេ​មក​លេង​ឱ្យ​ក្រុម​ខ្លួន​បាន​។

​ការ​ពិត​ទៅ Leeds United ​នេះ ​បាន​ទាក់ទង​ហៅ Zlatan ​មក​រួម​ក្រុម​តាំង​ពី​ខែ​មករា​មក​ហើយ ប៉ុន្តែ​មិន​បាន​សម្រេច ​ហើយ​កីឡាករ​វ័យ​៣៨​ឆ្នាំ​ក៏​ទៅ​លេង​ឱ្យ​ក្រុម AC Milan ​ទៅ។ ​ដោយ​ឡែក​សម្រាប់ Cavani ​វិញ ​ចប់​រដូវ​កាល​នេះ រូបគេ​នឹង​ចាកចេញ​ពី PSG ​ហើយ ​តែ​ក៏​មិន​ទាន់​មាន​ក្លឹប​ណា​អាច​ទាក់​ចិត្ត​ខ្សែ​ប្រយុទ្ធ​អ៊ុយរុយហ្គាយ​បាន​នៅ​ឡើយ​ទេ។ ​ការ​បាន​ឡើង​មក​លេង​នៅ Premier League ​វិញ​ក្នុង​រយៈ​ពេល​១៦​ឆ្នាំ ​និង​ធ្លាប់​មាន​ប្រវត្តិ​ជា​ក្រុម​ខ្លាំង​មួយ​ផង​នោះ ​ថ្នាក់​ដឹក​នាំ​ក្រុម​អធិរាជ​ស​មួយ​នេះ ​ជឿ​ជាក់​ថា​នឹង​អាច​យក​ខ្សែ​ប្រយុទ្ធ​ខាង​លើ​ទាំង​ពីរ​បាន​មិន​ខាន៕