បរទេស៖ មេដឹកនាំជាន់ខ្ពស់ របស់ប្រទេសអ៊ីរ៉ង់ លោក Ayatollah Ali Khamenei តាមសេចក្តីរាយការណ៍ បានច្រានចោលកិច្ចចរចាគ្នា ជាមួយសហរដ្ឋអាមេរិក ជុំវិញបញ្ហាកម្មវិធីនុយក្លេអ៊ែ និងមីស៊ីលផ្លោង របស់ទីក្រុងតេអេរ៉ង់ នៅថ្ងៃសុក្រនេះ និងបានជំរុញឲ្យប្រជាជនអ៊ីរ៉ង់ ប្រឆាំងនឹងការដាក់ សម្ពាធរបស់អាមេរិក។

នៅក្នុងសុន្ទរកថាមួយ ផ្សាយបន្តផ្ទាល់លើ កញ្ចប់ទូរទស្សន៍ លោក Ayatollah Ali Khamenei បានមានប្រសាសន៍យ៉ាងដូច្នេះថា “ទណ្ឌកម្មដ៏ព្រៃផ្សៃ របស់អាមេរិកលើអ៊ីរ៉ង់ គឺមានគោលបំណងធ្វើឲ្យ សេដ្ឋកិច្ចរបស់យើងធ្លាក់ចុះ។ គោលបំណងរបស់ពួកគេ គឺទប់ស្កាត់ឥទ្ធិពលរបស់ យើងនៅក្នុងតំបន់ និងរារាំងសមត្ថភាពមីស៊ីល និងនុយក្លេអ៊ែរបស់យើង” ។

គួរបញ្ជាក់ថា ចំណងមិត្តភាព រវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន បានធ្លាក់ចុះដុនដាបយ៉ាងខ្លាំង ចាប់តំាងពីប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបោះបង់ចោលកិច្ចព្រមព្រៀងមួយ រវាងអ៊ីរ៉ង់ និងមហាអំណាចពិភពលោកទាំង៦ នៅក្នុងឆ្នាំ២០១៨ ដោយក្រោមកិច្ចព្រមព្រៀងនោះ អ៊ីរ៉ង់ព្រមផ្អាកកម្មវិធីនុយក្លេអ៊ែរបស់ខ្លួន ដើម្បីជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្ម ៕

ប្រភព៖ដើមអម្ពិល