ព្រះសីហនុ ៖ ថ្នាក់ដឹកនាំនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងអ្នកបច្ចេកទេស បាននឹងកំពុងសិក្សាជំហានទី២ និងទី៣ នៃការអភិវឌ្ឍកំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ ដើម្បីអាចអនុញ្ញាតឱ្យនាវាធុនយក្សចេញចូលបាន នៅក្នុងរង្វង់ពីឆ្នាំ២០២៧ ទៅ ២០២៨ ខណៈបច្ចុប្បន្ននេះស្ថិតនៅក្នុងដំណាក់កាល១ និងជ្រើសរើសក្រុមហ៊ុនសាងសង់ ចាប់ផ្តើមអនុវត្តនៅឆ្នាំ២០២១ ។

លោក ថៃ ឫទ្ធី អគ្គនាយករងអាជីវកម្មនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានប្រាប់ឱ្យដឹងកាលពីពេលថ្មីៗនេះថា កំពង់ផែស្វ័យក្រុងព្រះសីហនុបានធ្វើសំណើទៅក្រសួងសាធារណការ និងដឹកជញ្ជូនរួចរាល់ហើយ ដែលជាការឆ្លើយតប ដៃគូអភិវឌ្ឍន៍ ជាពិសេសគឺជប៉ុន បានធានាថា នឹងជួយកម្ពុជានៅក្នុងការអភិវឌ្ឍកំពង់ផែជំហានទី២ និងទី៣ នេះ ។

លោកបានបន្ថែមថា “គេនឹងបញ្ជូនអ្នកជំនាញការ ក្រោយពេលដែលកូវីដ១៩ ធូរស្រាល។ ទាក់ទងនឹងផែនការការអភិវឌ្ឍ ជំហានទី២ និងទី៣ យើងមាន ផែនការកសាងផែដែលមានប្រវែង ៤១០ ម ជម្រៅទឹក ១៦ ម ហើយជំហានទី៣ គឺ ៤៤០ ម ជម្រៅទឹក ១៧,៥០ ម ។ តាមការព្យាករណ៍អំពីកំណើននៅទីនេះយើងដាច់ខាតត្រូវតែសង់ ជំហានទី ២ និងទី៣ នៅក្នុងពេលតែមួយ” ។

លោកឱ្យដឹងថា “ឥឡូវនេះ បើយើងមើលពីសមត្ថភាពផែ គឺយើងទទួលបាន ៧០០.០០០ TEU ដូច្នេះ គឺបានន័យថា វាកៀកទៅដល់សមត្ថភាពផែរបស់យើងហើយ”។ លោកបន្ថែមថា ”សមត្ថភាព ប៉ុណ្ណឹង សឹងតែពេញហើយ ពីព្រោះថា កាលណាយើងប្រើចាប់ពី ៨០ ភាគរយទៅ គឺត្រូវគេចាត់ទុកថា ជាផែដែលស្ទះ ដូច្នេះប្រសិនបើមានកំណើនគំហុកគឺប្រមាណជា ១៥ភាគរយឡើងទៅនោះ គឺយើងស្ទះតែម្តង” ។

លោកអគ្គនាយករងបានមានប្រសាសន៍បន្តថា ឆ្នាំ២០២០ នេះ វាគឺជារឿងកូវីដ១៩ ។ បញ្ហាកូវីដ១៩នេះ វាគឺជាការគំរាមកំហែងកំពង់ផែ ប៉ុន្តែវាក៏ជាឱកាសមួយ សម្រាប់ទុកឲ្យកំពង់ផែរៀបចំខ្លួន តាំងពីមធ្យោបាយ តាំងពីផែ តាំងពីទីលានជាដើមសម្រាប់កំពង់ផែ ។
លោកបានថ្លែងបន្តថា “ចាប់ពីឆ្នាំ២០២១ ទៅប្រសិនបើកំពង់ផែ បន្តទទួលបានកំណើនតែ ១៥ ភាគរយទៀត បានន័យថា កំពុងផែយើងសឹងតែលើសពីសមត្ថភាព ដូច្នេះយើងត្រូវតែពង្រីកផែដែលមានស្រាប់ ពង្រីកទីលាន ដើម្បីទទួលនាវាបាន និងជម្រុញដំណាក់កាលអភិវឌ្ឍន៍ជំហានទី១ និងទី២ ទី៣ នេះ កុំឲ្យប្រតិបត្តិការផែរបស់យើងនៅក្រោមសមត្ថភាព។ ធ្វើម៉េចឲ្យសមត្ថភាពផែនៅលើសកម្មភាពដែលអនុវត្តជាក់ស្តែង ពីព្រោះបើផែយើងស្ទះ សេដ្ឋកិច្ចយើងក៏អាចនឹងស្ទះបានដែរ”។

កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាកំពង់ផែសមុទ្រទឹកជ្រៅដ៏សំខាន់នៃព្រះរាជាណាចក្រកម្ពុជា ដែលមានផ្ទៃដីប្រតិបត្តិការប្រមាណ១២៥ហិកតា ។ កំពង់ផែស្ថិតនៅឈូងសមុទ្រកំពង់សោមដែលជាកំពង់ផែទឹកជ្រៅតែមួយគត់សម្រួលដល់ការដឹកជញ្ជូនតាមសមុទ្រដែលទទួលបានភាពអនុគ្រោះពីធម្មជាតិ ដូចជាមានជម្រៅទឹកជ្រៅ មានកោះជារបាំងខ្យល់ និងរលកធំៗ ហើយស្ថិតនៅចំទីតាំងដែលពុំតម្រូវឱ្យមានការបូមស្តារឃ្លងនាវាជាប្រចាំឡើយ ។

កំពង់ផែនេះត្រូវបានសាងសង់ឡើងនៅដើមឆ្នាំ១៩៥៦ និងបានពង្រីកជាលំដាប់ ហើយឥឡូវនេះ កំពង់ផែនេះមានចំណតនាវាចំនួន៨ចំណត ដែលបំពាក់ ដោយឧបករណ៍លើកដាក់ទំនើបទាន់សម័យ ខណៈដែលក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះបរិមាណទំនិញឆ្លងកាត់មានការកើនឡើងជាបន្តបន្ទាប់៕

ប្រភព៖ Property Area