សហភាពអឺរ៉ុបផ្ដល់លុយ ៨០០លានអឺរ៉ូ ឬស្មើនឹងប្រមាណជាង ៩២២ លានដុល្លារសម្រាប់ឱ្យអាស៊ានបន្តប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ និងដោះស្រាយវិបត្តិសេដ្ឋកិច្ចជាបន្ទាន់ តាមរយៈពង្រឹងប្រព័ន្ធសុខភាព សេវាទឹកស្អាត និងអនាម័យ។

លោក Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំអាស៊ាន នៅថ្ងៃទី២២ ខែកក្កដានេះ បានឱ្យដឹងថា ដើម្បីគាំទ្រដល់បណ្តាប្រទេសជាដៃគូក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគឆ្លងនិងផលវិបាករបស់ខ្លួន សហភាពអឺរ៉ុបបានប្រមូលកញ្ចប់“ ក្រុមអឺរ៉ុប” ចំនួនជាង៨០០លានអឺរ៉ូសម្រាប់តំបន់អាស៊ា ដោះស្រាយវិបត្តិសេដ្ឋកិច្ចជាបន្ទាន់។

លោក មានប្រសាសន៍ថា«យើងកំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចដែលមិនធ្លាប់មានពីមុនមក ជាមួយនឹងផលវិបាកធ្ងន់ធ្ងរនៅក្នុងសហភាពអឺរ៉ុប និងអាស៊ាន។ ក្នុងស្មារតីនៃកិច្ចសហប្រតិបត្តិការដ៏រឹងមាំរបស់យើងដោយផ្អែកលើភាពជាដៃគូក្នុងតំបន់ ក្នុងការកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ច និងសង្គមរបស់ការរាតត្បាតសកលនៃវីរុសកូរ៉ូណា»។ លោកបន្តថា កញ្ចប់នេះរួមបញ្ចូលទាំងការគាំទ្រក្នុងតំបន់ដល់អង្គការសុខភាពពិភពលោក ក៏ដូចជាបង្កើនកិច្ចសហប្រតិបត្តិការ រវាងស្ថាប័នផ្នែកវិទ្យាសាស្ត្រ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានឱ្យដឹងថា កម្ពុជាអាចទទួលបានផ្នែកនៃកញ្ចប់ថវិកាខាងលើនេះ សម្រាប់កសាងសមត្ថភាពមន្ទីរពេទ្យពង្រីកសេវាទទួលបានទឹកស្អាតរបស់ប្រជាពលរដ្ឋ អនាម័យនិងអាហារូបត្ថម្ភប្រកបដោយចីរភាព ការចិញ្ចឹមជីវិតនិងសកម្មភាពសេដ្ឋកិច្ចនៅតាមតំបន់ជនបទ ការគាំទ្រដល់ការគាំពារសង្គម និងជួយដល់ក្រុមងាយរងគ្រោះពីវិបត្តិជំងឺកូវីដ១៩៕

ប្រភព៖ Property Area